យោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera បានផ្សាយថា ប្រទេសអាហ្សង់ទីន បានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក(WHO) ដែលករណីនេះបានធ្វើឱ្យទីភ្នាក់ងារអន្ដរជាតិមួយនេះជួបការលំបាកកាន់តែច្រើន។
ការប្រកាសដកខ្លួនរបស់អាហ្សង់ទីន បានលើកឡើងក្រោមហេតុផលថា ស្ថាប័នសហប្រជាជាតិមួយនេះមានគោលនយោបាយចម្រូងចម្រាស់ ជាពិសេសអំឡុងការផ្ទុះជំងឺរាតត្បាតកូវីដ១៩។

យ៉ាងណា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីខែមករា ដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក ក្រោមហេតុផលស្រដៀងគ្នានេះ។
សហរដ្ឋអាមេរិក គឺជាប្រទេសផ្ដល់ជំនួយធំបំផុតតែមួយគត់របស់អង្គការសុខភាពពិភពលោក ដែលបានរួមចំណែកជាទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ស្មើនឹង ១៤.៤% នៃថវិកាសរុបរបស់ទីភ្នាក់ងារនេះ។

ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei មានទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីអាមេរិក គឺ លោក ដូណាល់ ត្រាំ ដោយមេដឹកនាំនៃប្រទេសទាំង២ បានរិះគន់អង្គការសុខភាពពិភពលោក ចំពោះការបរាជ័យក្នុងការដោះស្រាយវិបត្តិកូវីដ១៩។


ប្រធានាធិបតីអាហ្សង់ទីន រូបនេះ បន្ដថា ការធ្វើចត្តាឡីស័កអូសបន្លាយពេល បានបង្កភាពវឹកវដល់សេដ្ឋកិច្ចរបស់អាហ្សង់ទីន មិនត្រឹមប៉ុណ្ណោះទេ វិធានការរឹតត្បិតដែលដាក់ដោយរដ្ឋបាលមុនក្រោមការគាំទ្រពីអង្គការ WHO បានបណ្តាលឱ្យមនុស្ស ១៣០,០០០នាក់ស្លាប់ទៀតផង។
គួរបញ្ជាក់ថា អង្គការនេះមិនអាចកំណត់ឱ្យរដ្ឋាភិបាលធ្វើតាមការណែនាំរបស់ខ្លួននោះទេ ប៉ុន្តែវាផ្តល់ការស្រាវជ្រាវ និងអនុសាសន៍នានាសម្រាប់ឱ្យប្រទេសនានាអាចសហការគ្នា ដើម្បីដោះស្រាយវិបត្តិសុខភាពសាធារណៈដូចជាជំងឺរាតត្បាត៕

