មួយ​រយៈ​នេះ​ ​មាន​រឿង​ច្រើន​ដែល​មហាជន​តាមដាន​​នៅលើបណ្ដាញសង្គម​ប្រៀប​ដូចជា​រឿង​ភាគ ដែលអស់ពីរឿង​មួយ​ចូលរឿងមួយ​ទៀត ប៉ុន្តែនៅ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​នោះ​ រឿង​ធំពីរ​គឺ​រឿង​អ្នក​ជំនួញ​អនឡាញ Love Riya តាំង​ខ្លួនជា​ព្រះនាង​ ឥន្ទ្រទេវី និង​រឿង​ យុវជន​ ពេជ ពិសិដ្ឋ តាំងខ្លួន​ជា​ អធិរាជ ស៊ីន ស៊ីសាមុត ចាប់ជាតិ​ មាន​ការចាប់អារម្មណ៍ខ្លាំង រហូត​ដល់​មាន​ការ​កោះ​ហៅ​ទៅ​ធ្វើ​កិច្ច​សន្យា និង​ទៅបំភ្លឺ ផងដែរ។ ជុំវិញករណី​នេះ​ សារព័ត៌មាន​ត្រយង​បាន​ ទំនាក់ទំនងទៅ​កាន់​អ្នក​នាំពាក្យ​រងក្រសួង​មហាផ្ទៃ លោក​បណ្ឌិត​ ទូច សុឃៈ (សុខៈ) ថា​តើ​ក្រសួង​នឹង​មាន​ចំណាត់ការបែបណា​ទប់ស្កាត់​រឿង​បារមី​ឬ​ជំនឿ​ងប់ងល់ ដែលបង្ហោះ​ផុសផុល​លើ​បណ្ដាញសង្គម? មួយវិញទៀតការប្រើប្រាស់នូវព្រះកិត្តិនាម ឬការអះអាងខ្លួនជា​បុគ្គល​ល្បីចាប់ជាតិ វាបណ្ដាល​ឱ្យ​ប៉ះពាល់ដល់សង្គមជាតិ​បែបណាខ្លះ? ជាពិសេស ​គឺចង់​ដឹង​ថា តើ​ការ​យក​ឈ្មោះ​ ឬ ព្រះកិត្តិនាម​ព្រះមហាក្សត្រ​ និង ​បុគ្គល​ល្បីល្បាញ​ ដោយ​​អះអាងថាជារូបស្នង ឬចាប់ជាតិ​ អាចប្រឈម​មុខ​នឹង​ផ្លូវច្បាប់ដែរឬទេ?

ថ្លែងប្រាប់​សារព័ត៌មាន​ត្រយង លោក​បណ្ឌិត​ ទូច សុឃៈ (សុខៈ) អ្នក​នាំពាក្យ​រងក្រសួង​មហាផ្ទៃ បាន​ឆ្លើយតប​យ៉ាងច្បាស់លាស់​ថា ទង្វើណាក៏ដោយ​ ប្រសិនបើ​មិន​មាន​ចេតនាទុច្ចរិត ឬធ្វើ​ឱ្យ​អ្នក​ដទៃ​ខាតបង់ទ្រព្យ​សម្បត្តិទេនោះ គឺ​មិនអាច​ផ្ដន្ទាទោស​បាន​នោះ​ឡើយ។ ប៉ុន្តែ​លោក​បណ្ឌិត​ក៏​លើក​ទឡ្ហីករណ៍ខ្លះៗ មកពន្យល់ និង​បកស្រាយ​ផងដែរ។ ចំពោះ​ការ​ប្រើប្រាស់​ឈ្មោះ និង​ព្រះកិត្តិនាម​ព្រះនាង ឥន្ទ្រទេវី ដែលជា​អតីតព្រះមហេសី ព្រះបាទជ័យវរ្ម័នទី៧ លោក​បណ្ឌិត​ ទូច សុឃៈ (សុខៈ) បាន​លើកឡើងថាការធ្វើ​ដូច្នេះ​គឺពិតជា​បានធ្វើ​ឱ្យ​ប៉ះពាល់ដល់វប្បធម៌ និង​ប្រពៃណីខ្មែរយើង ដែល​ជា​ប្រទេស​តំកល់​អង្គ​​ព្រះមហាក្សត្រ ជា​ទីគោរព និង​ជា​ម្លប់​ដ៏ត្រជាក់ត្រជុំ​របស់​ប្រជានុរាស្ត្រ។ ដោយ​ឡែក​ចំពោះ​ការ​អះអាងថា​ជា​បុគ្គល​ល្បី​ ឧទាហរណ៍ដូចជា​ ការ​អះអាងថាជាអធិរាជសំឡេង​មាស​ ស៊ីន ស៊ីសាមុត ចាប់ជាតិជាដើម​នោះ​ ក៏ជា​ទង្វើ​មិន​គប្បីធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​នៃ​គ្រួសារ​បុគ្គល។

ក្នុង​ករណី​នេះ​ផងដែរ អ្នក​នាំពាក្យ​រងក្រសួងមហាផ្ទៃ ទទួល​ស្គាល់​ថា​ការអះអាងថាជាបុគ្គល​នេះ ឬបុគ្គលនោះ វាពិបាក​នឹង​ជឿដោយសារតែមិនមាន​ភស្ដុតាងឬ​អ្វី​បញ្ជាក់ឱ្យ​បាន​ច្បាស់លាស់ តែ​ក៏មាន​ករណីខ្លះ ដែល​បុគ្គល​ដែល​អះអាងនោះ​ អាច​ឆ្លើយឬអាចដឹង​នូវ​រឿងរ៉ាវផ្សេងៗ​ គ្រប់សព្វបែបយ៉ាង ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃឬ​គ្រួសារពិបាក​នឹង​ប្រកែក ឬបដិសេធ​។ យ៉ាងណាមិញ លោកបណ្ឌិត នៅ​តែ​ទទូចថា​ ថាការ​ធ្វើ​របៀបនេះ អាចធ្វើឱ្យ​ប៉ះពាល់ដល់​ សណ្ដាប់ធ្នាប់ សីលធម៌ ប្រពៃណី​ និងទំនៀមទំលាប់​របស់​ខ្មែរ​។

និយាយ​ពី​ច្បាប់​​ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ ក៏បានពន្យល់​បន្ថែមដែរថា​ ការ​លើក​យក​ព្រះមហេសីរបស់​អង្គព្រះមហាក្សត្រ​ដែល​បាន​សោយទីវង្គត​ទៅហើយក្ដី ក៏ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ទ្រង់​មាន​បុព្វសិទ្ធិដូច​ទៅ​នឹង​ព្រះមហាក្សត្រ​ដែរ (នេះបើយោងតាមច្បាប់​រៀបចំ​ព្រះបរមងារនិង​ព្រះរាជបុព្វសិទ្ធិ ថ្វាយដល់ព្រះមហាក្សត្រនិង​ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា) ដែល​ច្បាប់នេះ​ចាត់ទុកសិទ្ធិរបស់ព្រះមហសីរបស់អង្គព្រះមហាក្សត្រមាន​សិទ្ធិខ្ពង់ខ្ពស់ មិន​អាច​មាន​បុគ្គលណាបំពាន​បាន​ឡើយ។ ចំណែកច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា៧ ក៏បាន​ចែងដែរថា អង្គព្រះមហាក្សត្រ មិន​អាំច​អ្នកណារំលោភបំពាន​បាន​ឡើយ។ ដូច្នេះ​ការ​ប្រើ​ប្រាស់​ឈ្មោះ​ ឬព្រះកិត្តិនាម របស់អង្គព្រះមហាក្សត្រ ឬមហេសី នៅក្នុង​ផ្លូវណាមួយ​ដែល​មិន​សមរម្យ ខុសពីប្រពៃណីវប្បធម៌ ខ្មែរ គឺរំលោភបំពានទៅលើព្រះនាងឥន្ទ្រទេវី។

លើស​ពីនោះ​ទៀត អ្នក​នាំ​ពាក្យ​រងក៏បាន​បន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​ក្រមព្រហ្មទណ្ឌ​ ដោយ​កាលពីឆ្នាំ​២០០៩ មាន​ការ​ធ្វើ​វិសោធនកម្ម លើ​មាត្រា ២១៧ស្ទួន ដែល​បាន​ចែងពីបទ​ល្មើស​ប្រមាថចំពោះ​អង្គ​ព្រះមហាក្សត្រ ដូច្នេះ​ការ​លើក​យក​ឈ្មោះ​របស់​មហេសីអង្គព្រះមហាក្សត្រ មក​ធ្វើ​ទង្វើ​ណាមួយនោះ គឺចាត់ទុក​ជា​ការ​រំលោភបំពាន ព្រោះ​គ្មាន​បុគ្គលណាម្នាក់​មាន​សិទ្ធិ យក​ឈ្មោះ ឬព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ​មក​ប្រើប្រាស់ មិន​ថា​ដោយ​វាចាអត្ថាធិប្បាយ​ផ្សេងៗ សំណេរ ឬ​គំនូរ ​ដោយ​គ្មាន​ច្បាប់អនុញ្ញាតជា​ដាច់ខាត។

តាម​ច្បាប់​ការ​ប្រមាថ​ អង្គព្រះមហាក្សត្រ​ ត្រូវ​ដាក់ពន្ធនាគារ​ពគី១ឆ្នាំ ទៅដល់​៥ឆ្នាំ និង​ពិន័យជា​ប្រាក់​ពី​៥លាន​រៀល​ ដល់​១០​លាន​រៀល។ ដោយឡែក​ក៏​មាន​បទ​ល្មើស​មួយទៀត​ដែរ​ទាក់ទងនឹង​ការ​ប្រើ​ប្រាស់ ព្រះកិត្តិនាម របស់អឌីតរាជវង្សានុវង្ស ឬក៏មហេសីរបស់ព្រះមហាក្សត្រដែល​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិដូចព្រះមហាក្សត្រ ហើយមិន​អាច​មាន​នរណាម្នាក់​ប្រើប្រាស់បាន​ មិន​អាច​រំលោភបំពានបាន អាច​ចូល​ទៅ​ក្នុង​បទ​ល្មើស​ឆបោក​ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រសិន​គេ​រក​ឃើញ​ភស្តុតាងថា បុគ្គល​នោះ បាន​ធ្វើ​ឱ្យ​មហាជន​បាន​ជឿជាក់​ និង​ប្រគល់​របស់ឬ​អ្វី​មួយ​ដល់បុគ្គល​នោះ ដូចមាន​ចែង​ក្នុង​មាត្រា ៣៧៧។

ជាចុងក្រោយ​អ្នក​នាំពាក្យរងក្រសួងមហាផ្ទៃ លោក​បណ្ឌិត​ ទូច សុឃៈ (សុខៈ) ក៏​បាន​លើក​ឡើងដែរថា ករណី​របស់​អ្នក​ជំនួញ​អនឡាញ Love Riya បា​ន​បញ្ចប់​ទៅ​ហើយ ដោយ​សាមីខ្លួន​បាន​ចូលរួម​មក​ផ្ដិត​មេដៃ​ជាមួយ​នឹង​ក្រសួងចំរុះពាក់ព័ន្ធ សមាគមឧកញ៉ា ក៏ដូចជាក្រសួងមហាផ្ទៃ ចំណែក​បុគ្គលដែលអះអាងថាខ្លួនជា​ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិនេះក៏កំពុង​ដំណើរការ​តាម​នីតិវិធីជាបន្តដែរ។ លោក​បណ្ឌិត​ ទូច សុឃៈ (សុខៈ) ក៏បាន​ផ្ដាំ​ផ្ញើទៅដល់​ពលរដ្ឋ​ខ្មែរ​ ដែលប្រើប្រាស់​បណ្ដាញសង្គម សូមប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ប្រសិន​បើ​ការប្រើប្រាស់​នោះ​ត្រូវ​បាន​ពិនិត្យ​ឃើញថា​ខុសច្បាប់​នោះ ​អាច​​នឹង​ត្រូវ​ផ្ដន្ទាទោស​ ដូច្នេះ​សូមប្រើប្រាស់ឱ្យ​បាន​ល្អ និង​ត្រឹមត្រូវ៕

Share.