នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមពីប្រតិភូអង្គការចូហាន់នីធើ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (JOHANNITER) ដឹកនាំដោយលោកស្រី Anette Muller នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការយូហាននីធើ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ជាកិច្ចចាប់ផ្ដើមនៃការសំណេះសំណាល លោកស្រី Anette Muller បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសលោកជំទាវអគ្គលេខាធិការ ដែលបានចំណាយពេលវេលាជួបសំណេះសំណាល និងទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមនៅពេលនេះ។ ទន្ទឹមនេះលោកស្រី ក៏បានជម្រាបជូនអំពីសកម្មភាពការងារ និងបេសកម្មរបស់អង្គការចូហាន់នីធើផងដែរ ។

ក្រោយពីបានស្ដាប់នូវការជម្រាបជូនពីសកម្មភាពការងារ និងបេសកម្មរបស់អង្គការចូហាន់នីធើ ក៏ដូចជាការថ្លែងអំណរគុណរបស់លោកស្រីអគ្គនាយិការួចហើយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះអង្គការចូហាន់នីធើ ដែលបានផ្តល់សម្ភារៈវិជ្ជាសង្គ្រោះបឋមដល់កាកបាទក្រហមកម្ពុជានៅពេលនេះ។

ជាមួយគ្នានេះលោកជំទាវក៏បានជម្រាបជូនអំពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែលបានធ្វើ កំពុងធ្វើ និងបន្តធ្វើលើសកម្មភាពមនុស្សធម៌ ដោយឡែកចំពោះសកម្មភាពបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម លោកជំទាវបានលើកឡើង យ៉ាងលំអិតជូនប្រតិភូអង្គការចូហាន់នីធើ ផងដែរ។

យ៉ាងណា ក្រោយពីបញ្ចប់ការជួបសំណេះសំណាល និងទទួលនូវសម្ភារៈវិជ្ជាសង្គ្រោះបឋម លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បញ្ជាក់ថា អង្គការចូហាន់នីធើបានចាប់ផ្តើមការងារក្នុងប្រទេសកម្ពុជាឆ្នាំ២០១១ មានបេសកម្មខាងជួយសង្គ្រោះបឋម តាំងពីយូរមកហើយតែមិនមានទំនាក់ទំនងជាមួយកាកបាទក្រហមកម្ពុជា ទើបតែមកដល់ឆ្នាំ២០២៤ អង្គការនេះក៏ចាប់ផ្តើមស្នើឱ្យកាកបាទក្រហមកម្ពុជា បញ្ជូនអ្នកទៅរៀនវិជ្ជាសង្គ្រោះបឋម។ ជាការឆ្លើយតប កាកបាទក្រហមកម្ពុជា ក៏បានចាត់មន្ត្រី ៣រូប ទៅរៀនតាមការស្នើសុំ ក្រោយពីមន្ត្រី ៣រូបនោះ ទៅរៀនរួចក៏ទៅជួយបង្រៀនឱ្យអង្គការវិញ។

ចំពោះការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះ កាកបាទក្រហមកម្ពុជា មានទិសដៅក្នុងការអភិវឌ្ឍចំណេះដឹងតទៅមុខ ហើយឱ្យខ្លាំងជាងបណ្តាឆ្នាំកន្លងទៅទៀត ពីព្រោះយើងត្រូវមានបណ្ដាញយុវជន និងអ្នកស្ម័គ្រចិត្តរឹងមាំដែលយល់ដឹងពីវិជ្ជាសង្គ្រោះបឋម ជាមួយគ្នាយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ធ្វើយ៉ាងណាក្នុងមួយគ្រួសារនីមួយៗ ឱ្យមានមនុស្សម្នាក់ចេះវិជ្ជាសង្គ្រោះបឋមឱ្យបានយល់ច្បាស់ ដើម្បីជួយជនរងគ្រោះភ្លាមៗ នៅកន្លែងកើតហេតុមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបញ្ជាក់បន្ថែមថា ចំពោះសម្ភារៈដែលទទួលបាននៅថ្ងៃនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការបង្រៀន និងដើម្បី​ជួយសង្រ្គោះបឋមដល់បុគ្គលិកដែលមានបញ្ហាសុខភាពបានភ្លាមៗផងដែរ៕

អត្ថបទ៖ កាកបាទក្រហមកម្ពុជា

Share.