បន្ទាប់ពីមានក្រុមសង្គមស៊ីវិលក្នុង និងក្រៅស្រុកខ្លះ ប្រមូលគ្នាបំពងសំឡេងការពារលោក Gerald Flynn ថាគ្មានកំហុស និងព្យាយាមទាញពន្លាត់ការសម្រេចរបស់រាជរដ្ឋាភិបាល មិនឱ្យជននេះចូលប្រទេសកម្ពុជា ថាជាការវាយប្រហារសេរីភាពសារព័ត៌មាន លោកបណ្ឌិត ទូច សុឃៈ អតីតអ្នកសារព័ត៌មាន និងបច្ចុប្បន្នជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនយល់ដូចច្នេះឡើយ និងបានចាត់ទុកការប្រតិកម្មនោះថាជារឿងធម្មតាបែបប្រពៃណីមួយទៅហើយ។  បើតាមលោកបណ្ឌិត ទូច សុឃៈ ជារឿងធម្មតាបែបប្រពៃណី ក៏ព្រោះតែលោក និងមជ្ឈដ្ឋានទូទៅសម្គាល់ឃើញថា ជារឿយៗ នៅពេលរាជរដ្ឋាភិបាលមានចំណាត់ការផ្លូវច្បាប់លើជនល្មើសណាម្នាក់ មិនថាជនល្មើសនោះជាខ្មែរ ឬជនបរទេស គឺបើទោះបីជាមានភស្តុតាងច្បាស់ក្រឡែត ក៏ពួកគេនៅរក្សាជំហរយល់ផ្ទុយបែបអត្តនោម័ត ដោយព្យាយាមធ្វើមើលមិនឃើញសច្ចធម៌នៃរឿងហេតុ ហើយបង្វែសាច់រឿងនោះយកទៅវាយប្រហាររាជរដ្ឋាភិបាល រហូតក្លាយទៅជាទម្លាប់ច្រំដែលៗ។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា «ជនមានឈ្មោះក្នុងបញ្ជីខ្មៅ លោក Gerald Flynn ស្ថិតក្នុងចំណោមជនបរទេសរាប់សែននាក់ដែលធ្លាប់ចេញចូលប្រទេសកម្ពុជា ហើយលោកក៏ស្ថិតក្នុងចំណោមជនជាតិអង់គ្លេសជាច្រើននាក់ទៀតដែរដែលចេញចូលប្រទេសកម្ពុជា ប៉ុន្តែហេតុអ្វីស្រាប់តែជននេះ ត្រូវរាជរដ្ឋាភិបាលដាក់ចូលក្នុងបញ្ជីខ្មៅបែបនេះទៅវិញ? ចម្លើយងាយៗ និងឃើញជាក់ស្ដែងតែម្ដង គឺប្រទេសណាក៏ដោយ រួមទាំងប្រទេសកំណើតរបស់ជននោះផង កុំថាឡើយប្រទេសដែលខ្មែរខ្លះលើកតម្កើងថាជាបិតាប្រជាធិបតេយ្យ បើក្នុងឯកសារស្នើសុំទិដ្ឋការចូលទៅប្រទេសគេ ខ្លួនស្នើទៅធ្វើជាងអគ្គិសនីឬជាងភ្លើង តែធាតុពិតបែរជាលបលួចទៅធ្វើជាអ្នកយកព័ត៌មានវិញ តើត្រូវទេ? ដំបូងឡើយគាត់សុំទិដ្ឋាការចូលមកធ្វើជាងអគ្គិសនីឬជាងភ្លើង ដល់ពេលចូលមកបែរទៅធ្វើការយកព័ត៌មានខុសក្នុងទិដ្ឋាការ អុីចឹងក៏យើងអនុវត្តច្បាប់ឱ្យចេញទៅវិញ និងដាក់ក្នុងបញ្ជីខ្មៅ ហើយលើកក្រោយគាត់សុំទិដ្ឋាការទេសចរណ៍ តែមិនអាចទេ។ ករណីនេះ គាត់ក្បត់ទាំងខ្លួនឯង រំលោភច្បាប់រដ្ឋអធិបតេយ្យ និងច្បាប់អន្តរជាតិ។ ប្រទេសណាក៏អនុវត្តបែបនេះដែរ ព្រោះជាសិទ្ធិអធិបតេយ្យរបស់រដ្ឋ ជាពិសេសគេប្រយ័ត្នរាល់ជនបរទេសណាដូចគាត់ គឺគេគិតសន្តិសុខជាតិជាធំ។ នេះសំណាងហើយត្រឹមតែមិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាបន្ត ដែលប្រទេសខ្លះ បើធ្វើសកម្មភាពផ្ទុយពីទិដ្ឋាការអនុញ្ញាតរបៀបគាត់ដោយយកព័ត៌មានពីរដ្ឋអធិបតេយ្យមួយទៀត គេអាចចាត់ទុកថាជាចារកម្មផងក៏បាន។ បើខ្ញុំនិយាយខុស សាកល្បងទៅប្រទេសគេ ហើយធ្វើដូចលោក Gerald Flynn ម្ដងទៅ»។

លោក Gerald Flynn ត្រូវបានគេស្គាល់ថាជាអ្នករាយការណ៍ព័ត៌មានរសើបអំពីបញ្ហាបរិស្ថាននៅកម្ពុជា។ ការហាមឃាត់លោកមិនឱ្យចូលប្រទេសកម្ពុជា ត្រូវបានអង្គការធ្វើការលើវិស័យសារព័ត៌មានក្នុង និងក្រៅប្រទេសមួយក្រុម ដឹកមុខដោយ ក្លឹប OPCC និងអង្គការ Reporters Without Borders ចេញសេចក្ដីថ្លែងការណ៍ដោយចាត់ទុកថាជាការវាយប្រហារមានចេតនាមិនល្អទៅលើសារព័ត៌មាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «យើងថ្កោលទោសចំពោះការសម្រេចតាមអំពើចិត្តនេះ និងអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យសម្របសម្រួលជាបន្ទាន់ ដើម្បីឲ្យលោកអាចត្រឡប់ចូលមកកម្ពុជាបន្តការងាររបស់លោកវិញ»។

ភ្ជាប់នឹងការលើកឡើងខាងលើនេះ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ទៀតថា សម្រាប់សង្គមស៊ីវិលបរទេសលោកមិនថាទេ តែសម្រាប់សង្គមស៊ីវិលក្នុងស្រុកជាខ្មែរដែរនោះ លោកទទូចឱ្យគិតពីទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងផលប្រយោជន៍រួមរបស់ជាតិ មុននឹងចេញមុខការពារ ឬបដិសេធនឹងរឿងរ៉ាវអ្វីមួយដែលសម្រេចដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរកម្ពុជាដែលជារដ្ឋអធិបតេយ្យមួយ តួយ៉ាងដូចករណី ជនបរទេស ឈ្មោះ Gerald Flynn។ លោកបន្ថែមថា«រាល់ការចេញនូវសារ ឬក៏ញត្តិផ្សេងៗហូរហែទាំងអស់នេះ ជាពិសេសគឺការទំលាក់បន្ទុកមកលើរដ្ឋអធិបតេយ្យដែលផ្ដល់កំណើតឱ្យខ្លួន សូមពិនិត្យ ស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាងប្រតិកម្មដោយគ្រាន់តែលឺសូរគេទូងស្គរក៏បន្ទរតាមគេ ឬធ្វើដើម្បីតែផ្គាប់ចិត្តម្ចាស់កញ្ចប់ជំនួយបរទេសណាមួយ ដែលវាជាទង្វើអកត្តញ្ញូមកលើជាតិកំណើតខ្លួនហើយ»។ លោកសង្កត់ធ្ងន់ថា ករណីនេះ មន្ត្រីអន្តោប្រវេសន៍អនុវត្តត្រឹមត្រូវតាមជំនាញនិងច្បាប់។ ជារួមកម្ពុជាអនុវត្តស្របច្បាប់អន្តរជាតិដែលប្រទេសទាំងអស់ក៏ធ្វើបែបនេះដែរ ហើយមិនពាក់ពាក់ព័ន្ធនឹងការរឿងរើសអើងប្រកាន់ពូជសាសន៍ និងបញ្ហានយោបាយដូចការលាបពណ៌មួលបង្កាច់នោះទេ។ «វាជារឿងបច្ចេកទេស និងច្បាប់ ដែលប្រទេសណាក៏ដូចប្រទេសណា កំពុងតែរឹតបន្ដឹងជនបរទេសចេញចូល ជាពិសេសសហរដ្ឋអាម៉េរិកបច្ចុប្បន្ននេះជាតឹកតាង»។ នេះជាការបន្ថែមពីលោកបណ្ឌិត។

សូមបញ្ជាក់ថាកម្ពុជា មានទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាងចំនួន២៧អង្គភាព កំពុងប្រតិបត្តិការក្នុងវិជ្ជាជីវៈសារព័ត៌មាន ដោយមានបុគ្គលិកជាអ្នកសារព័ត៌មានជាតិ និងបរទេសបំពេញការងារជាច្រើននាក់។  នេះបើតាមរបាយការណ៍ក្រសួងព័ត៌មាន ចេញផ្សាយឆ្នាំ២០២៤៕

អត្ថបទ៖មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Share.