ភ្នំពេញ ៖ ចិញ្ចើមកំណាត់ផ្លូវជាតិលេខ៣ ចន្លោះពីកែងផ្លូវបេតុងក្លោងទ្វារវត្តព្រៃស្ពឺ រហូតដល់សាលារៀនឯកជន ចម្ងាយជាង១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបងប្អូនតាមផ្ទះអ្នកប្រកបរបរលក់ដូរ សិប្បកម្ម យកចិញ្ចើមផ្លូវដាក់របស់របរ ផ្ទះចល័ត បាំងហៀរដល់កែងក្លោងទ្វារវត្ត បង្កផលពិបាក ក្នុងការធ្វើដំណើរ កកស្ទះចរាចរណ៍ ប្រឈមគ្រោះថ្នាក់ កើតមានឡើងសឹងរាល់ថ្ងៃ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយរំដោះយកចំណីផ្លូវដើម្បីប្រយោជន៍រួម ។

តាមការលើកឡើងពីប្រជាពលរដ្ឋ ដីចំណីផ្លូវចំណុចខាងលើប្រមាណ១០ម៉ែត្រ ត្រូវបានបងប្អូនអ្នកប្រកបររបរ សិប្បកម្ម យានដ្ឋាន ផ្ទះលក់ដូរ គាត់សាងសង់ ចាក់បេតុងរឹងមាំ ដាក់តាំងផ្ទះចល័ត របស់របរលក់ដូរ សឹងមកដល់សាច់ផ្លូវកៅស៊ូទៅទៀត ដែលបង្កផលប៉ះពាល់ បាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ បាំងទាំងផ្លូវបេតុងចេញចូលច្រកក្លោងទ្វារវត្តព្រៃស្ពឺ ហើយចំណុចខាងលើក៏ប្រឈមគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងសឹងរាល់ថ្ងៃ ។



ដោយសារបញ្ហាប្រឈមនឹងការរំលោភចិញ្ចើមផ្លូវ ចំណីផ្លូវសាធារណៈ នៅត្រង់ចំណុចខាងលើ ប្រជាពលរដ្ឋ បងប្អូនអ្នកធ្វើដំណើរ ទទូចស្នើសុំអាជ្ញាធរ សមត្ថកិច្ច មេត្តាជួយពិនិត្យ រំដោះយកចំណីផ្លូវសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួល ទាំងចរាចរណ៍ ទាំងសុវត្តិភាពដងផ្លូវ ៕
អត្ថបទ៖តាតុងសែនជ័យ

