ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយការភូតកុហក និងភាពមិនពិត បន្ទាប់ពីក្រសួងការបរទេសអាមេរិក បានអះអាងថា នាវារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនចាំបាច់បង់ប្រាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីប៉ាណាម៉ា ទំនងជាធ្វើឱ្យប្រទេសទាំង២ ប្រឈមនឹងភាពតានតឹងកាន់តែខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ចិនកំពុងមានឥទ្ធិពល និងលើកឡើងពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការយោធានៅព្រែកជីកប៉ាណាប៉ា។

ក្រោយមក លោក Mulino បានសរសេរសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «លោកនឹងជជែកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយផ្ទាល់នៅរសៀលថ្ងៃសុក្រ នេះ»។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Mulino បានសម្តែងការបដិសេធទាំងស្រុង និងបានបញ្ជាក់ថា ទំនាក់ទំនងរបស់ប្រទេសទាំង២ មិនគួរផ្អែកលើការភូតកុហក និងព័ត៌មានមិនពិតទេ។ លោកបន្ដថា «ហេតុអ្វីបានជាពួកគេធ្វើសេចក្តីថ្លែងការណ៍ស្ថាប័នដ៏សំខាន់មួយពីអង្គភាពដែលគ្រប់គ្រងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ដោយផ្អែកលើព័ត៌មាន​មិនពិត? ជាការពិត វា​មិនអាចអត់ឱន​ឲ្យ​បាន​ទេ»។

លោក Mulino បាន​ប្រាប់​ថា លោកបានស្នើ​​ឱ្យ​ឯកអគ្គរដ្ឋទូតរបស់​លោក​នៅទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបដិសេធការអះអាងដែលធ្វើឡើងដោយរដ្ឋបាល​លោក ដូណាល់ ត្រាំ។

ប្រធានាធិបតីប៉ាណាម៉ា រូបនេះ បាននិយាយថា «លោកបានស្នើឱ្យឯកអគ្គរដ្ឋទូតរបស់គាត់នៅទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបដិសេធការអះអាងដែលធ្វើឡើងដោយរដ្ឋបាល ត្រាំ»។

យ៉ាងណាម៉ិញ ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ រីឯសេតវិមាន ក៏មិនបានឆ្លើយតបភ្លាមៗដែរ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយលោក ត្រាំ បានចោទប្រកាន់ប្រទេសនៅអាមេរិកកណ្តាលមួយនេះ ពីបទគិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវទឹកពាណិជ្ជកម្មរបស់ខ្លួន ដែលជាប្រទេសមួយដ៏មមាញឹកបំផុតនៅក្នុងពិភពលោក។

ដោយឡែកអាជ្ញាធរព្រែកជីកប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ដោយបានច្រានចោលការអះអាងរបស់ក្រសួងការបរទេសដែលថា រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា បានយល់ព្រមមិនគិតថ្លៃឆ្លងកាត់សម្រាប់នាវារបស់រដ្ឋាភិបាលអាមេរិក ដែលជាទង្វើមួយអាចជួយសន្សំប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។

កប៉ាល់យោធាអាមេរិក មានអាទិភាពក្នុងការឆ្លងកាត់ផ្លូវទឹក យោងតាមសន្ធិសញ្ញាអព្យាក្រឹតភាពឆ្នាំ១៩៧៧ ដែលបានចុះហត្ថលេខានៅពេលដែលសហរដ្ឋអាមេរិក បានយល់ព្រមប្រគល់ព្រែកជីកទៅឱ្យប៉ាណាម៉ាវិញ។ ប៉ុន្តែកប៉ាល់ទាំងអស់ ដោយមិនគិតពីប្រភពដើម គោលដៅ ឬទង់ជាតិ ត្រូវតែបង់ថ្លៃសេវាដែលប្រែប្រួលអាស្រ័យលើទំហំ និងប្រភេទ។

កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយលោក Mulino ក្នុងប្រទេសប៉ាណាម៉ា អំឡុងពេលធ្វើដំណើរឆ្លងកាត់អាមេរិកកណ្តាល។

បន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Rubio បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ប៉ាណាម៉ា ដែលនឹងមិនបន្តការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដែលជាផែនការហេដ្ឋារចនាសម្ព័ន្ធពិភពលោកដ៏ធំ ដែលដឹកនាំដោយទីក្រុងប៉េកាំង ដោយហៅការផ្លាស់ប្តូរនេះថាជា «ជំហានទៅមុខដ៏អស្ចារ្យ» សម្រាប់ទំនាក់ទំនងទ្វេភាគី។

កាលពីថ្ងៃព្រហស្បតិ៍ នេះ លោក Mulino បាននិយាយថា ប៉ាណាម៉ា បានបង្ហាញនូវឯកសារផ្លូវការមួយ ដើម្បីចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប៉ុន្តែមិនពាក់ព័ន្ធតាមសំណើររបស់សហរដ្ឋអាមេរិកទេ ដោយបន្ថែមថា លោកកំពុងចំណាយពេល ដើម្បីវាយតម្លៃទំនាក់ទំនងរបស់ប៉ាណាម៉ា ជាមួយប្រទេសចិន និងចង់ធ្វើអ្វីដែលល្អបំផុតសម្រាប់ប្រទេសនេះ៕

ប្រភព៖ CNA

Share.