កណ្ដាល៖ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​ដីឡូតិ៍​នៅ​តំបន់​ 7NG ក្នុង​ប្លុកB2 ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ផ្លូវ​៦០​ម៉ែត្រ​អាច​ ដោះ​ដូរជា​ដីឡូតិ៍័ថ្មី​បាន​ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ខាងមុខ​នេះ​។

ប៉ុន្តែ​ម្ចាស់​ដីឡូតិ៍ ដែល​រងផល​ប៉ះពាល់ ​ត្រូវ​ចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់​ ហើយ​មាន​ភ្ជាប់​ជាមួយ​ឯកសារ ដើម្បី​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ ទាល់តែត្រឹមត្រូវ ទើប​អាច​ដោះដូរ​ដីឡូតិ៍ថ្មី​។

ឯកឧត្តម​ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​មាន​ប្រសាសន៍ថា​៖ ប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោង ផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ យកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូនដល់បងប្អូនប្រជាពលរដ្ឋ នូវទីតាំងដីឡូតិ៍ថ្មីទាំង ២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

សេចក្ដី​ជូន​ដំណឹង​នេះ ចាត់ទុក​ជា​ការ​ចែក​រំលែក និង​ជំរាបជូន​ដល់​បងប្អូនដែល​ជា​ម្ចាស់ ឬ​មាន​បងប្អូនមិត្តភក្ដិ ជាម្ចាស់​ដីនៅ​ប្លុក B2 ដែល​ប៉ះចំគម្រោង​ផ្លូវ យកឯកសារទៅ​ដាក់​ពិនិត្យ និង​ផ្ទៀងផ្ទាត់ឱ្យ​បាន​ទាន់ពេលវេលា៕

អត្ថបទ៖​កណ្តាល

Share.