សង្គម៖ ក្មេងប្រុសអាយុ ១៣ឆ្នាំ មកពីខេត្តកំពត ដែលកើតមានជំងឺតេតានូស យ៉ាងធ្ងន់ បានជាសះស្បើយអាចត្រលប់ទៅផ្ទះវិញបានហើយ ក្រោយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះ។

ក្មេងប្រុសខាងលើ ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រកឃើញមានជំងឺតេតានូស យ៉ាងធ្ងន់ធ្ងរ បណ្តាលមកពីមេរោគតេតាណូស (Clostridium tetani) ក្រោយពីជង់មុតនឹងដង្គត់ឫស្សី។ ក្រោយការសង្រ្គោះព្យាបាល ដោយយកចិត្តទុកដាក់ និងមានជំនួយម៉ាស៊ីនសប់ដង្ហើម រយ:ពេល ៣០ថ្ងៃ ក្មេងប្រុសរូបនេះ បានជាសះស្បើយ និងអាចវិលត្រឡប់ទៅផ្ទះវិញជាមួយឪពុកដោយស្នាមញញឹម។ ទាំងឪពុកនិងរូបគេផ្ទាល់បានថ្លែងអរគុណចំពោះមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្គ្រោះជីវិតមួយនេះ ព្រមទាំងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ ទោះជានឿយហត់ ប្រកបដោយគុណធម៌ និងមានប្រសិទ្ធិភាព រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។

អ្វីដែលមិនអាចបំភ្លេចបាននោះ គឺត្រូវអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ដែលមានបងប្អូនសប្បុរសជនគ្រប់ៗរូប បងប្អូនខ្មែរគ្រប់ទិសទី បានចូលរួមយ៉ាងសស្រាក់សស្រាំឧបត្ថម្ភគាំទ្រគន្ធបុប្ផា ទៅតាមលទ្ធភាពរបស់ខ្លួន ទើបអាចទ្រទ្រង់ ឱ្យមន្ទីរពេទ្យកុមារអាចបន្តសង្គ្រោះ ព្យាបាល និងរក្សាធនធានមនុស្សពិសេសកុមារតូចៗនៅកម្ពុជាយើងបាន៕
ចតុមុខ

