ខេត្តបាត់ដំបង៖ ឧបករណ៍នេសាទខុសច្បាប់ ពោលគឺឧបករណ៍ឆក់ត្រីចំនួន១៤២ គ្រឿងត្រូវបានដុតកំទេចោល កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពលរដ្ឋមានការភ្ញាក់រលឹកនិងបានប្រគល់ឧបករណ៍ឆក់មកដល់កម្លាំងបង្ក្រាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ ស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយទទួលបានឧបករណ៍អស់ទាំងនោះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ បានដឹកនាំក្រុមការងារដុតកម្ទេចឧបករណ៍ឆក់ត្រីខុសច្បាប់ទាំងនោះចោល។

កងកម្លាំងប្រតិបត្តិការ របស់យោធភូមិភាគទី៥ បានចុះបំពេញបេសកកម្មប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន មានរយៈពេល៦៥ថ្ងៃ មកហើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយកន្លងមក ការបង្រ្កាបការនេសាទខុសច្បាប់ជលផល មានច្រើនករណី និងបានដុតបំផ្លាញចោលជាបន្តបន្ទាប់។




នៅក្នុងឱកាសនោះ ប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទ បានបញ្ជាក់ថាការចុះបង្រ្កាបនេសាទខុសច្បាប់របស់កងទ័ពនាពេលនេះ គឹដើម្បីការពារធនធានធម្មជាតិ ជីវៈចម្រុះ ដែលជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ដល់ប្រជានេសាទ កំពុងរស់នៅអាស្រ័យផល រាល់ថ្ងៃ ស្របតាមច្បាប់ជលផល សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។



ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានការភ្ញាក់រលឹក ប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនកងកម្លាំង និងអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដែលធ្វើអោយប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទក្នុងបឹងទន្លេសាប។
ដោយ៖ កណ្ដាល

