ក្រុម​នារីភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2024-25 ក្រោយ​យក​ឈ្នះ ក្រុមនារីវិសាខា នៅវគ្គផ្ដាច់​ព្រ័ត្រ ក្នុង​លទ្ធផល ២-០ នាល្ងាច​ថ្ងៃទី៨ កុម្ភ: នៅក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

សម្រាប់​ជ័យ​ជម្នះ​ជាម្ចាស់​ជើង​ឯកពានរង្វាន់លីគនារីកម្ពុជា គឺជាលើកទី២ហើយ​សម្រាប់ក្រុម​នារីភ្នំពេញក្រោន ដោយ​នៅ​រដូវ​កាល​ឆ្នាំ២០២១-២០២២ ម្ចាស់​ជើង​ឯក​គឺ ភ្នំពេញក្រោន បន្ទាប់​ពី​ឈ្នះ ក្រុម​នារី​ណាហ្គាវើលដ៍​នៅ​វគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់​ពាន​រង្វាន់​ និង​ចំណាត់​ថ្នាក់​ រួចមាន៖

  • ម្ចាស់ជើងឯក៖ ភ្នំពេញក្រោន
  • ជើងឯករង៖ វិសាខា
  • លេខ៣ និងក្រុម Fair Play៖ ណាហ្គាវើលដ៍
  • អ្នកគ្រូ ម៉ៅ សាវិន គ្រូបង្វឹក​ក្រុម​នារីភ្នមពេញក្រោន ឈ្នះពាន​រង្វាន់​គ្រូបង្វឹក​ល្អជាងគេ
  • កីឡាការិនី សឹម មៃសំ របស់​វិសាខា ឈ្នះពានរង្វាន់​កីឡាការិនីល្អជាងគេ
  • កីឡាការិនី សឹម មៃសំ របស់​វិសាខា ឈ្នះពានរង្វាន់កីឡាការិនីទាត់បញ្ចូលទីច្រើនជាងគេ
  • អ្នកចាំទី ជា ហ្វារីយ៉ា របស់​ភ្នំពេញក្រោន ឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេ

ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2024-25 គឺ​ជា​លើក​ទី៣ ហើយ​ដោយ​លើកដំបូង​ធ្វើ ឡើង​នៅ​ឆ្នាំ២០២០-២០២១ ដោយ​ម្ចាស់​ជើង​ឯក​គឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយ​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវ​លុបចោល ដោយ​សារ​ការរីករាលដាលជំងឺកូវីដ) ខណ:នៅ​រដូវ​កាល​ឆ្នាំ២០២១-២០២២ ម្ចាស់​ជើង​ឯក​គឺ ភ្នំពេញក្រោន។

គួរបញ្ជាក់ថា ការប្រកួត​ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បាន​​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដែល​គ្រោង​នឹង​បញ្ជប់​នៅ​​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់ និង​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ១ដល់លេខ៤ ដើម្បី​ប្រជែង​ជើង​ឯក៕

Share.