ក្រោយរកឃើញម្ចាស់ជើងឯក នៃពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2024-25 កាលពីល្ងាចថ្ងៃទី៨ កុម្ភ: នៅក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) គឺក្រុមនារីភ្នំពេញក្រោន យើងមកស្គាល់ម្ចាស់ពានរង្វាន់ឯកត្តជនវិញម្ដង។
សម្រាប់ចំណាត់ថ្នាក់ នៃពានរង្វាន់ជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៤-២៥ រួចមាន៖
- ម្ចាស់ជើងឯក៖ ភ្នំពេញក្រោន

- ជើងឯករង៖ វិសាខា

- លេខ៣ និងក្រុម Fair Play៖ ណាហ្គាវើលដ៍

ម្ចាស់ជ័យលាភីពានរង្វាន់ឯកត្តជន រួមមាន៖
- អ្នកគ្រូ ម៉ៅ សាវិន គ្រូបង្វឹកក្រុមនារីភ្នំពេញក្រោន ឈ្នះពានរង្វាន់គ្រូបង្វឹកល្អជាងគេ

- កីឡាការិនី សឹម មៃសំ របស់វិសាខា ឈ្នះពានរង្វាន់កីឡាការិនីល្អជាងគេ

- កីឡាការិនី សឹម មៃសំ របស់វិសាខា ឈ្នះពានរង្វាន់កីឡាការិនីស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) សរុបចំនួន ៤៣គ្រាប់

- អ្នកចាំទី ជា ហ្វារីយ៉ា របស់ភ្នំពេញក្រោន ឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេ

សម្រាប់ជ័យជម្នះជាម្ចាស់ជើងឯកពានរង្វាន់លីគនារីកម្ពុជា គឺជាលើកទី២ហើយសម្រាប់ក្រុមនារីភ្នំពេញក្រោន ដោយនៅរដូវកាលឆ្នាំ២០២១-២០២២ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន បន្ទាប់ពីឈ្នះ ក្រុមនារីណាហ្គាវើលដ៍នៅវគ្គផ្ដាច់ព្រ័ត្រ។
ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2024-25 គឺជាលើកទី៣ ហើយដោយលើកដំបូងធ្វើ ឡើងនៅឆ្នាំ២០២០-២០២១ ដោយម្ចាស់ជើងឯកគឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវលុបចោល ដោយសារការរីករាលដាលជំងឺកូវីដ) ខណ:នៅរដូវកាលឆ្នាំ២០២១-២០២២ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដែលគ្រោងនឹងបញ្ជប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់ និងយកក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់លេខ៤ ដើម្បីប្រជែងជើងឯក៕



