ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃអាទិត្យ ថា ការបាក់ដីនៅក្នុងខេត្ត Sichuan ភាគត្បូងនៃប្រទេសចិន ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ២៨នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Newstalk នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

គ្រោះរអិលបាក់ដីនេះ បានវាយប្រហារភូមិ Jingping ក្នុងទីក្រុង Yibin ខេត្ត Sichuan ប្រទេសចិន កាលពីវេលាម៉ោង ១១:៥០នាទីព្រឹក ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក)។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ មនុស្សម្នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈមនុស្ស ២៨នាក់ទៀតកំពុងបាត់ខ្លួន។ ទីភ្នាក់ងារនេះបន្ដថា បច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះជាង ៩០០នាក់ រួមទាំងប៉ូលិស អ្នកពន្លត់អគ្គីភ័យ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត កំពុងព្យាយាមស្វែងរក និងជួយសង្រ្គោះអ្នកកំពុងបាត់ខ្លួនទាំងនោះ។

ជាមួយគ្នានោះ ប្រធានាធិបតីចិន លោក Xi Jinping បានបញ្ជាឱ្យអាជ្ញាធរធ្វើអ្វីៗ គ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បី «កាត់បន្ថយចំនួនអ្នកស្លាប់ និងដោះស្រាយផលប៉ះពាល់»។
ប្រទេសចិនបានរងគ្រោះដោយបញ្ហាអាកាសធាតុធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមនុស្សរាប់សិបនាក់បានស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីកាលពីឆ្នាំមុន។


ទាក់ទិននឹងបញ្ហានេះ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកើតឡើងកាន់តែញឹកញាប់៕

