ភ្នំពេញ ៖ ហាងបុកល្ហុងមួយកន្លែង យុីហោ ចែមុំ បុកល្ហុង ដែលស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សង្ស័យលួចបង្កប់បម្រើសេវាផ្លូវភេទ និងកេងប្រវ័ញ្ចលើស្ត្រីនិងកុមារ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងជំនាញស្នងការក្រុងភ្នំពេញ ចុះពិនិត្យ កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឈានដល់ឃាត់ខ្លួនមនុស្ស១១នាក់ ប្រុស១នាក់ ស្រី១០នាក់។


ក្នុងប្រតិបត្តិការខាងលើ ដោយមានកិច្ចសហការរវាងកម្លាំងនាយកដ្ឋាន ជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិថិជននៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងនគរបាលមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចុះពិនិត្យ ហាងបុកល្ហុងចែមុំ នៅចំណុចខាងលើ ដោយបានឃាត់ខ្លួនមនុស្ស១១នាក់ ៖ ១ ឈ្មោះ ជឹម លាងហេង ភេទប្រុស ឣាយុ៤៤ឆ្នាំ ជាប្ដីម្ចាស់ហាង , ២ ឈ្មោះ ម៉ាក់ សុខមី ភេទស្រី ឣាយុ៤២ឆ្នាំ ជាប្រពន្ធ ម្ចាស់ហាង , ៣ ឈ្មោះ ឈាន ចន្ទថៃ ភេទស្រី អាយុ១៤ឆ្នាំ , ៤ ឈ្មោះ ប៉េង សុលី ភេទស្រី អាយុ១៤ឆ្នាំ , ៥ ឈ្មោះ វណ្ណា ឆៃឡៃ ភេទស្រី អាយុ១៥ឆ្នាំ , ៦ ឈ្មោះ ពិសី ប៉ុន្នា ភេទស្រី អាយុ១៦ឆ្នាំ , ៧ ឈ្មោះ សួន ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ , ៨ ឈ្មោះ ប៊ូ មី ភេទស្រី អាយុ២០ឆ្នាំ , ៩ ឈ្មោះ យន ស្រីលឹម ភេទស្រី អាយុ២០ឆ្នាំ , ១០ ឈ្មោះ យន លក្ខ ភេទស្រី អាយុ២០ឆ្នាំ , ១១ ឈ្មោះ គង់ ចន្ថា ភេទស្រី ឣាយុ២៨ឆ្នាំ។


តាមសមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមមនុស្សឃាត់ខ្លួន១១នាក់ ប្រុស១នាក់ ស្រី១០នាក់ ក្នុងនោះអនីតិជនចំនួន៥នាក់ ត្រូវបាននាំទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕


អត្ថបទ៖តាតុងសែនជ័យ

