សិល្បៈជាតិ៖ ផលិតកម្ម LD បានប្រកាសបើកការថតភាពយន្តខ្នាតធំប្រចាំឆ្នាំ ២០២៥ ដោយផ្អែកលើហេតុការណ៍តារាចម្រៀងប្រុសម្នាក់ដេកស្លាប់ក្នុងភ្នក់ភ្លើងក្នុងក្លឹបក្រោមដីមួយកន្លែងនៅខេត្តសៀមរាប ព្រោះតែព្រាយស្រឡាញ់ខ្លាំងពេកទើបឆក់យកជីវិត បណ្ដាលឱ្យគ្រួសារធ្វើពិធីរៀបការឱ្យដើម្បីដោះព្រលឹងមកវិញតាមជំនឿខ្មែរ។

បើរំលឹកពីហេតុការណ៍រន្ធត់មួយនេះគឺកើតឡើងកាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១ ដែលមានករណីភ្លើងឆេះក្លឹបកម្សាន្ដក្រោមដីមួយនៅកន្លែងខេត្តសៀមរាប មានឈ្មោះថា ELITE Club Party ហើយបានប្ដូរឈ្មោះជា ភោជនីយដ្ឋាន អេលីតក្នុងអំឡុងពេលជំងឺកូវីដ១៩។ តាមរបាយការណ៍សមត្ថកិច្ចតារាចម្រៀងប្រុសរូបនេះមានឈ្មោះ ឈឿន សំណាង  ភេទប្រុស អាយុ ២៦ឆ្នាំ  រស់នៅភូមិខ្នារ  សង្កាត់ជ្រាវ  ក្រុងសៀមរាប  ខេត្តសៀមរាប ត្រូវភ្លើងឆេះដ៏សន្ធោសន្ធៅឆាបឆក់យកជីវិត។

មិត្តភ័ក្តអ្នកចម្រៀងខាងលើនេះ បានបញ្ជាក់ឱ្យដឹងថា ការពិតទៅនៅថ្ងៃកើតហេតុនោះ ជាថ្ងៃឈប់សម្រាករបស់តារាចម្រៀងប្រុសរូបនេះ ក៏ប៉ុន្ដែលោកបានវិលមកក្លឹបវិញដោយសាររៀបចំការតេស្តសំឡេងសោន ប្រសិនលោកមិនមកប្រហែលជារួចជីវិតហើយ។ ហើយបើតាមជំនឿអរូបី មិត្តភ័ក្តតារាចម្រៀងប្រុសរូបនេះនិយាយបានថា នោះមកពីគ្រោះអាក្រក់របស់លោកតែម្ដង។

ក្រុមគ្រួសាររបស់អ្នកចម្រៀងខាងលើដែលជាអ្នកស្រុកសៀមរាបហាក់មានប្រថ្នូរមិនសូវល្អ ដូចមានវិញ្ញាណព្រលឹងព្រាយក្រឡាភ្លើងតាមមកអន្ទងដល់ក្រុមគ្រួសារតែម្ដង។ ទើបសាច់ញាតិអ្នកចម្រៀងនោះ បានបង្ហោះសារវីដេអូ និងរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញពីពិធីបញ្ជាន់រូបដែលបញ្ជាក់ថា តារាចម្រៀងរងគ្រោះព្រោះហេតុការណ៍ភ្លើងឆេះស្លាប់ក្នុងក្លឹបនោះ គឺបណ្ដាលមកពីព្រាយក្រឡាភ្លើងនៅចាំក្លឹបងប់ស្រលាញ់ខ្លាំង ហើយបង្កឱ្យមានភ្លើងឆេះដើម្បីផ្ដាច់ជីវិតយកបុរសរូបនោះទៅនៅជាមួយ ហើយថែមទាំងគំរាមសាច់ញាតិទៀតថា បើសិនធ្វើពិធីរៀបការឱ្យទេ នឹងបន្តផ្ដាច់ជីវិតសមាជិកគ្រួសារទាំងមូល។

ទីបំផុតក្រុមគ្រួសារមានអារម្មណ៍ភិតភ័យចំពោះរឿងហេតុដែលបានកើតឡើងចំពោះសមាជិកគ្រួសារដែលឱ្យកើតមានអារម្មណ៍ប្រថ្នូរអាក្រក់។ ក្រោយមកគ្រួសារសពខាងលើបានរៀបចំពិធីរៀបការឱ្យអ្នកចម្រៀងប្រុសដែលស្លាប់ហើយ បានរៀបការជាមួយព្រលឹងព្រាយតាមពិធីជំនឿ ដើម្បីឱ្យព្រាយស្ងប់ចិត្ត ហើយដោះលែងព្រលឹងតារាចម្រៀងខាងលើឱ្យវិលទៅកាន់សុគតិភពវិញ។ 

យ៉ាងណាមិញ ការយោងហេតុការណ៍ពិតនេះមកផលិតជាភាពយន្តខ្នាតធំរបស់ផលិតកម្ម LD លោក លៀក លីដា បញ្ជាក់ថា គឺមានការអនុញ្ញាពីក្រុមគ្រួសារសព និងបានសិក្សាស្រាវជ្រាវលម្អិតពីអង្គហេតុទាំងឡាយគ្រប់ជ្រុងជ្រោយរយៈពេល ១ ឆ្នាំពេញ។ ហើយភាពយន្តនេះដែរ លោកប្រកាសថា នឹងផលិតទុកជាភាពយន្តឯកសារសម្រាប់ប្រជាជនខ្មែរដែលបានដឹងពីទំហំឈឺឆាប់របស់គ្រួសារសព និងដាក់ចំណងជើងរឿង “ភ្លើងឆេះក្លឹបក្រោមដី” ដែលនឹងមានចាក់បញ្ចាំងក្នុងរោងភាពយន្តនាពេលខាងមុខ៕

Share.