ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងពទ្ធសីមាវត្តសំរោងបុរី ហៅវត្តសំរោង ស្ថិតនៅបរិវេណវត្តសំរោងបុរី ភូមិរៀវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានលើកឡើងថា. ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ សមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជននានា និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង ។


ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ អោយបានគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនា និងបានណែនាំដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ ។


បើតាមការឲ្យដឹង ពីលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ វត្តសំរោងបុរី (ហៅវត្តសំរោង) ត្រូវបានផ្តើមកសាង ឡើងនៅឆ្នាំ១៨៩៧ គិតមកដល់បច្ចុប្បន្នមានអាយុកាល ១២៨ឆ្នាំហើយ ចាប់តាំងពីកកើតវត្ត រហូតមកដល់បច្ចុប្បន្នមាននេះ មានព្រះតេជគុណចំនួន ៧អង្គបានគង់នៅជាព្រះចៅអធិការ រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះនាមព្រះមហារាជបុរិសោ មឿន សុជាតិ បន្តការថែរក្សា ស្ថាបនា និងកសាងនូវសមិទ្ធផលនានាជាច្រើនទៀត ។




ដោយឡែក សមិទ្ធផលត្រូវសម្ពោធឆ្លង រួមមាន ៖ ១-ផ្លូវបេតុង ១ខ្សែ ២.ផ្លូវក្រាលក្រួសក្រហម ៣.របងវត្ត ៤.ក្រាលឥដ្ឋកន្សែងខាងមុខព្រះវិហារ ៥.ក្រាលការ៉ូឡាជុំវិញព្រះវិហារ ៦.ចាក់សាបខាងជើងព្រះវិហារ ៧.ក្រាលការ៉ូឡាខាងជើងព្រះវិហារ ៨.បន្ទប់អនាម័យ ៩.រូបសត្វរាជសីហ៍ ១០.រោងសម្រាប់ទទួលភ្ញៀវ សរុបចំណាយលើការសាងសង់អស់ចំនួន ១៣៣.៣៨០ ដុល្លារផងដែរ ៕
អត្ថបទ៖អាចារ្យលាក់

