សិល្បៈជាតិ៖ ថ្ងៃទី១៤ កុម្ភៈ ឬជាថ្ងៃ​ទិវានៃក្តីស្រឡាញ់ដែលជិតឈានចូលមកដល់ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ បានធ្វើ​ការ​អំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល ជាពិសេស​យុវជន និងមហាជនទាំងអស់ប្រើប្រាស់ថ្ងៃទិវានេះ​ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ។

ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក ធានានូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ដ និងគួរតែជាកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សនិងការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ។

ជាមួយ​គ្នា​នេះ ក្រសួងវប្បធម៌ ក៏​បាន​ប្រាប់ទៅ​ដល់ប្រជាជន ជាពិសេស​យុវជន​កម្ពុជា ត្រូវ​សិក្សា​ឈ្វេងយល់ឱ្យ​ស៊ីជម្រៅ​ចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏​ថ្លៃថ្លា​របស់​ដូនតាយើង ព្រមទាំង​ត្រូវ​សិក្សា​ឱ្យ​គ្រប់ជ្រុងជ្រោយពីខ្លឹមសារ និង​ឥទ្ធិពល នៃវប្បធម៌ ទំនៀមទម្លាប់ ពីខាងក្រៅ ដើម្បីបន្ស៊ី​ចូលទៅ​ក្នុង​ឥរិយាបថ និង​បរិបទ នៃសង្គម​របស់ខ្លួន​ក្នុង​គោលដៅ​រក្សា​ឱ្យ​បាន​នូវ​អត្ថិភាពជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ​ដែលមាន​វ័យ​ចំណាស់រាប់ពាន់ឆ្នាំ​មក​ហើយ​នៅទ្វីប​អាស៊ីផងដែរ៕

ការរក្សាការពារវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ ជាកាតព្វកិច្ចនយើងទាំងអស់គ្នា!

Share.