លោក គឹម សារឿន ធ្លាប់ជាមនុស្សមានជងឺប្រចាំកាយ និងបាក់ទឹកចិត្ត និងឈានដល់ចង់សម្លាប់ខ្លួន តែដោយមើលឃើញពីអ្វីដែលខ្លួនចូលចិត្ត និងអាចជួយសុខភាពខ្លួន និងសង្គមផងដែរនោះ លោកក៏បានងាកមកចាប់យកការលេងកីឡារត់ចម្ងាយដែលអាចជួយដល់សុខភាព និងទទួលបានមិត្តភាពកាន់តែច្រើន និងភាពសប្បាយរីករាយ ពិសេសទៀតនោះលោកថា ការលេងកីឡារត់នេះ អាចជួយឱ្យលោកឈប់គិតពីផលអវិជ្ជមានក្នុងខ្លួន ក៏ដូចជាក្នុងសង្គមផងដែរ។

នេះជាការលើកឡើងរបស់លោក លោក គឹម សារឿន តំណាងក្រុម KK Running Club នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីមនុស្សធម៌ ក្រោមមូលបទ៖ «មួយជីវិតមិនប្រព្រឹត្តការសេពគ្រឿងញៀន» ក្រោមអធិបតីភាព ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ កាលពីថ្ងៃទី១០ ខែកុម្ភៈ នៅសណ្ឋាគារ ANIK PALACE HOTEL។
លោក គឹម សារឿន តំណាងក្រុម KK Running Club ដែលធ្លាប់មានបទពិសោធន៍ជាអ្នករត់ម៉ារ៉ាតុងជាង១១ឆ្នាំមកហើយ និងមានវ័យ៥៧ឆ្នាំ បានលើកឡើងថា លោកនឹងបន្តចូលរួមរត់ម៉ារ៉ាតុងរហូតដល់លោកអស់ជីវិត។ ពិសេសចំពោះការចូលរួមក្នុង កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីមនុស្សធម៌ក្រោមមូលបទ៖ «មួយជីវិតមិនប្រព្រឹត្តការសេពគ្រឿងញៀន» លោកពិតជាមានអារម្មណ៍សប្បាយចិត្ត ដោយសារលើកនេះគឺមានផ្លូវថ្មី បូករួមជាមួយទេសភាពស្អាត ជាប់មាត់សមុទ្រ កំបន់ព្រៃភ្នំ នៅខេត្តកែប មួយវិញនោះគឺជាការរត់ឡើងវិញរបស់លោក បន្ទាប់ពីខកខានអស់មួយរយ:។

លោក គឹម សារឿន ក៏បានបង្ហាញពីការលើកទឹកចិត្តដល់មហាជនចូលរួមរត់កីឡាម៉ារ៉ាតុងឱ្យបានច្រើន ជាក់ស្ដែងដូចរូបលោកផ្ទាល់ដោយសារកើតចេញពីមនុស្សដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ លើសឈាម និងបាក់ទឹកចិត្ត និងឈានដល់ចង់សម្លាប់ខ្លួន និងងាកមកចាប់យកកីឡារត់ម៉ារ៉ាតុង និងជាផ្នែកមួយចូលរួមក្នុងកិច្ចការសង្គមផងដែរ។
លោក សារឿន បានបញ្ជាក់ថា ក្នុងនាមលោកផ្ទាល់ជាអ្នកស្រលាញ់កីឡារត់ រាល់កម្មវិធីរត់ម៉ារ៉ាតុងទាំងអស់ គឺតែងតែមានវត្តមានរបស់លោកចូលរួមរួម ដូចជាកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីមនុស្សធម៌ក្រោមមូលបទ៖ «មួយជីវិតមិនប្រព្រឹត្តការសេពគ្រឿងញៀន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ មីនា ក្នុងខេត្តកែបខាងមុននេះ។

សូមរំលឹកថា សារឿន គឺជាអ្នករត់ម៉ារ៉ាតុង ដែលមានវ័យចំណាស់មួយរូបដែលបានចូលរួមរត់ម៉ារ៉ាតុងនៅទីក្រុង SAPA ដោយលោករត់ចម្ងាយ ១៦០គីឡូម៉ែត្រ ដោយប្រើរយ:ពេល ៤១ម៉ោង ២៧នាទី ដែលជាការរត់មួយដែលលោកមិននឹកស្មានថាខ្លួនអាចធ្វើបាន។ ក្នុងការរត់នេះដែរ លោកបានជាប់ចំណាត់ថ្នាក់លេខ៣ (ក្នុងក្រុមអាយុ) ដែលជាការប្រកួតកម្រិតអន្តរជាតិដំបូងរបស់លោក។
ចុងក្រោយក្នុងព្រឹត្តិការណ៍ Angkor Ultra Trail នៅទឹកដីអង្គរ កាលពីដើមឆ្នាំ២០២៤ លោកគឺជាកីឡាករកម្ពុជាដំបូងដែលបានរត់ដល់ទីលើចម្ងាយ ១០០គីឡូម៉ែត្រក្នុងថិរវេលាជាង១២ម៉ោង ហើយកាលពីថ្ងៃទី២៣ ខែមិថុនា បុរសវ័យ៥៧ឆ្នាំរូបនេះ ក៏បានក្លាយជាអ្នករត់ដំបូងគេផងដែរ ដែលបានបញ្ចប់ការរត់ឡើងចុះភ្នំបូកគោ ដ៏ពោរពេញទៅដោយឧបសគ្គក្នុងចម្ងាយសរុប៦៤គីឡូម៉ែត្រដោយប្រើពេល៧ម៉ោង។

គួរបញ្ជាក់ថា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ ក្រោយការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន អេច អេស ស៊ី នឹងរួមគ្នារៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ ក្រោមមូលបទ៖ «មួយជីវិតមិនប្រព្រឹត្តការសេពគ្រឿងញៀន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តកែប ដែលមានការចូលរួមពី ប្រជាពលរដ្ឋ អ្នកលេងកីឡា ក្រុមអ្នកធ្វើមាតិកាតាមបណ្តាញសង្គម តំណាងក្រុមការងារ KKRC និងក្រុមតារាសិល្បៈ ជាច្រើនរូបផងដែរ៕





