សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កុមារីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីនាងត្រូវបានគេចាក់សម្លាប់នៅក្នុងសាលាបឋមសិក្សាមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមមន្រ្តីបាននិយាយថា ក្មេងស្រីនេះមានអាយុ ៧ឆ្នាំ ត្រូវបានគេប្រទះឃើញមានស្នាមរបួសត្រង់ ក និងមុខ ហើយបានបញ្ជាក់ថា បានស្លាប់បន្ទាប់ពីបញ្ចូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុង Daejeon ប្រទេសកូរ៉េខាងត្បូង។

ទាក់ទិននឹងបញ្ហានេះ ប៉ូលីសកំពុងស៊ើបអង្កេតករណីនេះ ដែលមានស្ត្រីអាយុ ៤០ឆ្នាំម្នាក់ ជាជនសង្ស័យក្នុងការចាក់សម្លាប់នេះ ដោយស្ត្រី​នោះ​ក៏​មាន​ស្នាម​របួស​ដែរ។ ប៉ុន្ដែ ប៉ូលិស​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ព័ត៌មាន​របស់ អ្នកកាសែតទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ស្រ្តីជនសង្ស័យខាងលើជាគ្រូបង្រៀននៅសាលា ហើយស្រ្តីរូបនេះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែរ។

បើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ស្ត្រីនោះបានសារភាពថា នាងមានជំងឺបាក់ទឹកចិត្តហើយបានសម្រាកពីការងារដើម្បីទទួលការព្យាបាលមួយរយៈ ហើយបានត្រឡប់ចូលធ្វើការវិញកាលពីចុងឆ្នាំមុន។ យ៉ាងណា នាងនឹងទទួលខុសត្រូវចំពោះករណីនេះ៕

ប្រភព៖ CNA

Share.