សិល្បៈអន្តរជាតិ៖ ក្រោយបង្ហាញខ្លួនជាថ្មីម្ដងទៀតតាមរយៈការសម្ដែងតួអង្គ Thanos នៅក្នុងខ្សែភាពយន្តភាគជា Series រឿង Squid Game 2 ឈ្មោះរបស់ T.O.P ដែលកប់បាត់មួយរយៈក៏ចាប់ផ្ដើមត្រូវបានអ្នកគាំទ្រ ស្វែងរកស្រាវជ្រាវលើអ៊ិនធឺណីត ឡើងវិញ។ ជាមួយនឹងវត្តមានរបស់លោកជាថ្មីនេះ មតិជាច្រើនចង់ឃើញលោកត្រលប់មកចូលរួមក្នុងក្រុម BIGBANG ជាថ្មី។

ការរំពឹងទុកអំពីការវិលត្រលប់របស់ T.O.P កាន់តែមានខ្លាំងឡើងនៅពេលដែលឈ្មោះ T.O.P ត្រូវបានគេដាក់បញ្ចូនទៅក្នុងគណនី YouTube ផ្លូវការរបស់ក្រុមចម្រៀង BIGBANG ជាមួយគ្នានោះដែរឈ្មោះរបស់លោកនៅលើ Instagram ក៏មានសរសេរ បញ្ជាក់ដែរថា៖ T.O.P Choi Seung Hyun។ យ៉ាងណាណាមិញក្ដីរំពឹងនេះដូចជានៅសែនឆ្ងាយ ព្រោះកាលពីថ្ងៃទី១១ ខែកុម្ភៈ អ្នកតំណាងរបស់ T.O.P បានចេញមកបកស្រាយថា ឈ្មោះ T.O.P នេះត្រូវបានគេដាក់បញ្ចូលទៅក្នុងប្រវត្តិរូបរបស់ Choi Seung Hyun តាំងពីដើមមកម្ល៉េះ។ អ្នកតំណាងរូបនេះបានបន្ថែមទៀតថា ដូចដែល T.O.P បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន Squid Game 2 ថាគាត់មានអារម្មណ៍សោកស្ដាយនិងសុំទោសចំពោះសមាជិកក្រុមទាំងអស់ ប៉ុន្តែគាត់មិនមានការជួបឬពិភាក្សាណាមួយទាក់ទងនឹងក្រុម BIGBANG នោះទេ។

ស្រដៀងទៅនឹងការលើកឡើងខាងលើនេះ YG entertainment ដែលគ្រប់គ្រងលើ Channel YouTube របស់ក្រុម BIGBANG ក៏បានបញ្ជាក់ដូចគ្នាដែរថា Profile YouTube របស់ BIGBANG មិនមានការផ្លាស់ប្ដូរចាប់តាំងពីចេញចម្រៀង «Still Life» មកម្ល៉េះ ដោយកាលពីចេញបទចម្រៀងនោះផលិតកម្ម YG បានរាយនាមតារាចម្រៀងដែលរួមក្នុងបទចម្រៀងនេះមាន G-Dragon- TaeYang, T.O.P និង DaeSung។


ក្រោយមានការបញ្ជាក់ពីភាគីពាក់ព័ន្ធទាំងពីរនេះ កាន់តែច្បាស់ហើយថា T.O.P មិនមានគម្រោងវិលត្រលប់ចូលក្រុមចម្រៀង BIGBANG នោះឡើយ ហើយអ្វីដែលជាការលេចឮតៗគ្នានោះ គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។


