ក្រោយ​សម្ងំលាក់ខ្លួនព្យាបាល​មួយរយៈ រាជនី​រូបសម្រស់​ Zhao Lusi តារា​សម្ដែងឈានមុខ​របស់ចិន​បាន​វិល​ត្រលប់​មកធ្វើ​ការ​វិញ​បាន​ជា​ធម្មតា ដោយម្ចាស់​ខ្លួន​បាន​ប្រកាសថាពេល​នេះ​នាង​វិល​មក​សភាព​ធម្មតាវិញ​ហើយចំណែក​​អាការៈជំងឺ​កន្លង​មក​​របស់​តារា​ស្រីរូប​នេះ​កើត​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​។

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ ផលិតកម្ម​ដែល​គ្រប់គ្រងលើ​តារាស្រីរូបនេះ​បាន​លើក​ឡើងថា​នាង​មាន​បញ្ហា​សុខភាព​ ត្រូវ​សំរាកព្យាបាលខ្លួន​មួយ​រយៈ ក្រោយពីនោះ​នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ Zhao Lusi បាន​បង្ហោះ​ខ្លឹមសារ​វែងអន្លាយ​លើ​បណ្ដាញ​សង្គម​ បើកកកាយ​រឿង​ដែលខ្លួន​មាន​បញ្ហា​បាក់ទឹកចិត្ត​តាំងតែ​ឆ្នាំ​២០២១ តែ​ក្រោយៗ​មក​អាការៈកាន់តែធ្ងន់ ដូចជា​ក្អួតចង្អោរញឹកញាប់ និង​ ឈឺក្បាលវិលមុខ​ជា​ប្រចាំ​​ទម្ងន់ខ្លួន​ស្រក​នៅ​សល់​ត្រឹម​តែ​ ៣៧ គីឡូក្រាម។

យ៉ាងណា​មិញ​ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​ដោយ​ទឹកមុខ​ស្រស់ស្រាយ ហើយ​និយាយ​ពាក្យ​អរគុណចំពោះ​អ្នក​គាំទ្រ​ដែល​ស្រលាញ់ និង​ប្រកាស​ថា​ខ្លួន​ត្រលប់មក​វិញជា​ថ្មី ព្រោះ​តែក្ដីស្រលាញ់របស់អ្នក​គាំទ្រ ធ្វើ​ឱ្យ​អ្នក​ដែលស្រលាញ់ Zhao Lusi រំភើបជា​ពន់ពេក​។

តារា​ស្រី​រូប​នេះ​ ក្រោយ​អាការៈបាន​ធូរស្រាល​ បាន​ត្រលប់​ទៅសម្រាក​នៅផ្ទះឯក្រុង​ ឆឺងទូ នៅទីនោះ​នាង​បាន​ឆ្លៀតទៅសួរសុខទុក្ខ​ក្មេង​ៗនៅមណ្ឌល​ យ៉ាងណាមិញ​ Zhao បាន​បង្ហាញ​ក្ដីកង្វលើដែល​គ្រប់​គ្នា​មើល​រំលង​បញ្ហា​ផ្លូវ​ចិត្ត​ ជា​ពិសេស​អាការៈ​ឈឺក្បាល ឈឺពោះ​ ដែល​ជា​អាការៈ​មានពាក់ព័ន្ធ​នឹង​បញ្ហាសុខភាពផ្លូវចិត្ត ព្រោះ​គ្រប់​គ្នា​​មិន​ចង់​ទៅ​ព្យាបាល​ ដោយសារ​ស្ដាយលុយ រហូតទុកដល់​អាការៈ​ធ្ងន់ធ្ងរ។

Zhao Lusi ប្រាប់​ថា​ បច្ចុប្បន្ននេះ​​ឡើង​ទម្ងន់​រហូត​ដល់​ ៤គីឡូ ពេល​នេះ​មានទម្ងន់ខ្លួន ៤១​ គីឡូ ដោយ​ពីមុន​ទម្ងន់ខ្លួន​ ៣៧ គីឡូ ដោយ​នាង​បាន​ប្រាប់​ថា​ពីមុន​បាន​ព្យាយាម​សំរកគីឡូ តែទីបំផុតពេល​នេះ​ឈប់​ខ្វល់ពីរឿង​នេះ​ ដោយ​ផ្តោ​តជា​សំខាន់​លើ​សុខ​ភាព​រឹងមាំ​សំខាន់ជាង។​

នៅពេល​សាកសួរដល់បញ្ហាផ្លូវចិត្ត តារា​ស្រីរូបនេះ​ទទួលស្គាល់ថា ជាមនុស្ស​លាក់អារម្មណ៍​ ជាពិសេស​រឿងតូចតាច មិន​ព្រម​និយាយចេញ​ រហូតទីបំផុតបណ្ដាលឱ្យ​កើត​មាន​បញ្ហា​ផ្លូវចិត្ត​ ដោយ​ Zhao បាន​ឱ្យ​ដឹងថា៖ «ខ្ញុំ​ធ្លាប់គិតថាជំងឺ​បាក់ទឹកចិត្ត គឺជារឿងគួរឱ្យ​អាម៉ាស តែពេល​នេះ​ខ្ញុំ​គិតថាយើងគ្រប់គ្នា​គួរ​តែ​ផ្ដល់​ការ​សំខាន់​ដល់​ផ្លូវចិត្ត​ខ្លួន​ឯង​ឱ្យ​កាន់តែច្រើនជាងមុន»

ការ​ប្រកាស​ពី​អាការៈ​បាក់ទឹកចិត្តរបស់ខ្លួន​ជាសាធារណៈនេះ តារា​ស្រីរូប​នេះ​ទទួល​ស្គាល់​ថា​មិន​ពិភាក្សាជាមួយ​នឹង​អ្នក​ណាម្នាក់​នោះ​ឡើយ ទោះជា​ខ្វល់ចំពោះ​ការ​តបស្នង​ពី​អ្នក​គាំទ្រ​ ប៉ុន្តែនាង​ពិតជា​អរគុណដែល​អ្នក​គាំទ្រ​យល់ចិត្ត​និងផ្ដល់កម្លាំងចិត្ត​។

ជាចុង​ក្រោយ Zhao Lusi បាន​ណែនាំ​ដល់អ្នក​មាន​បញ្ហាផ្លូវចិត្ត​ថា​បើសិនជា​ស្ត្រេស ឬ​មាន​សម្ពាធ គួរតែនិយាយចេញ​មក​ ដើម្បី​ការពារខ្លួន​ឯង​ពី​ពាក្យ​ឬ​ទង្វើណាមួយ​ដែល​ធ្វើ​បាបផ្លូវចិត្តខ្លួន​ឯង​៕

Share.