ភ្នំពេញ៖ មន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានស្រាវជ្រាវបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន នៅតាមបណ្តោយផ្លូវលេខ ២២០ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំជិត ២០គីឡូក្រាម។



ប្រតិបត្តិការខាងលើ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ ។

កម្លាំងជំនាញការិយាល័យ ក១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ បានសហការជាមួយកម្លាំងនគរបាលរាជរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនប្រភេទកេតាមីន ១៨កញ្ចប់ ទម្ងន់សរុប ១៧ ៩២៨ក្រាម (១៧គីឡូ ៩២៨ក្រាម)។





ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ហេង សំណាង ជនជាតិខ្មែរ ភេទប្រុស អាយុ២០ឆ្នាំ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ចតុម្មុខ

