ភ្នំពេញ៖ អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ យីហោ ហ្វ័រម៉ាត់ យ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង វេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាមនឱ្យដឹងថា មុនដំបូងគេឃេីញមានផ្សែងខ្មៅហ៊ុយចេញពីអាគាររោងចក្រនៅខាងក្នុង ភ្លាមៗភ្លើងឆេះកាន់តែខ្លាំង បង្កការភ្ញាក់ផ្អើលដល់អ្នកយាមក្នុងរោចក្រ ទាញយកទឹកបាញ់ពន្លត់ភ្លើង តែដោយអំណាចភ្លើងឆេះកាន់តែខ្លាំង ក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានឱ្យជួយទាក់ទងទៅរថយន្ដពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍។


តាមលោក វរសេនីយ៍ឯក ព្រហ្មយ៉ន ប្រធានការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះរោងចក្រខាងលើភ្លាម លោកបានបញ្ជារឱ្យចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍រហូតភ្លើងរលត់ទៅវិញ ដោយមិនមានមនុស្សរងរបួសនោះទេ។


អគ្គិភ័យខាងលើនេះ បានលេបត្របាក់ អាគារថ្មដំបូលប្រ៉ក់សង្ក័សី ២អគារ និងបង្កឱ្យខូចខាតសម្ភារៈទាំងស្រុង។ដោយក្នុងប្រតិបត្តិការនេះដែរ បានប្រើប្រាស់រថយន្តអស់ជាច្រេីនគ្រឿង ក្នុងនោះមាន ៖ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានី រថយន្តស្រាបៀរ កម្ពុជា និង រថយន្ដមកពីបណ្ដាស្ថាបន័ពាក់ពន្ធ័ជាច្រេីនគ្រឿងទៀត រួមគ្នាបាញ់ពន្លត់រហូតរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕
អត្ថបទ៖ ត្រយងតូច

