ដោយសារ​ទំហំ​នៃ​អាហារូបករណ៍ សម្រាប់​ការ​សិក្សា​លើ​បច្ចេកវិទ្យា​ឌីជីថល នៅ​មាន​កម្រិត និង​ត្រូវ​រក្សា​និរន្តរភាព​ឲ្យ​បាន​យូរអង្វែង រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់​ដំណើរការ កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល ដើម្បី​អនុញ្ញាត​ឱ្យ​សិស្ស​និស្សិត​ដែល​ពុំ​មាន​លទ្ធភាព អាច​ស្នើ​សុំ​ថវិកា​សិក្សា​ដោយ​មិន​គិត​ការ​ប្រាក់ សម្រាប់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល នៅ​គ្រឹះស្ថាន​ឧត្ដមសិក្សា​ដៃ​គូ​របស់​កម្មវិធី​។

យោង​តាម​ការ​លើក​ឡើង​របស់ ឯកឧត្ដម ម៉ៅ សិលា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ៥ឆ្នាំ នៃ​ដំណើរ​ឆ្ពោះ​ទៅ​បរិវត្តកម្ម​ឌីជីថល និង​លើក​ទិសដៅ​ការងារ​បន្ត របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាល​ពី​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ បាន​ឲ្យ​ដឹង​ថា កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល តាម​រយៈ​ផ្ដល់​ឥណទាន​គ្មាន​ការ​ប្រាក់​នេះ ហាក់​នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ ត្បិត​សិស្ស និស្សិត​មាន​គោលដៅ​ចង់​ស្វែងរក​តែ​អាហារូបករណ៍​ដើម្បី​បន្ត​សិក្សា​។

យោង​តាម​ការ​ពន្យល់​របស់​ឯកឧត្ដម ម៉ៅ សិលា​, សិស្ស និស្សិត​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ពួក​គេ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​កម្ចី​ឥណទាន ដែល​គ្មាន​ការ​ប្រាក់​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​កម្មវិធី​នេះ​នឹង​រ៉ាប់រង​ថ្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់​និស្សិត​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​បញ្ចប់​ការសិក្សា​។ ជា​មួយ​គ្នា​នេះ ប្រសិន​បើ​និស្សិត​មាន​តម្រូវការ សម្ភារៈ​បច្ចេកទេស​ដែល​បម្រើ​ដល់​ការសិក្សា ដូច​ជា​កុំព្យូទ័រ​ជា​ដើម កម្មវិធី​នេះ​នឹង​ផ្ដល់​ឥណទាន​បន្ថែម​ទៀត​តាម​ភាព​ជាក់​ស្ដែង ខណៈ​ជំនួយ​ឥណទាន​នៃ​កម្មវិធី​នេះ ក៏​អាច​នឹង​ផ្ដល់​ជូន​និស្សិត​មក​ពី​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ ដែល​ត្រូវ​ការ​ជួល​បន្ទប់​ស្នាក់​នៅ​រៀន​សូត្រ​ផង​ដែរ​។

និស្សិត​មាន​កាតព្វកិច្ច​ទូទាត់​បំណុល​ជូន​មក​ក្រសួង​ប្រៃសណីយ៍​វិញ​នៅ​ពេល​ពួក​គេ​បញ្ចប់​ការ​សិក្សា និង​ទទួល​បាន​ការងារ​ធ្វើ​ពេញលេញ ដោយ​ទទួល​បាន​ប្រាក់​ខែ​លើស​ពី​៥០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ពួក​គេ​ត្រូវ​ទូទាត់​មក​ឲ្យ​ក្រសួង​វិញ​ចំនួន ២០ ភាគរយ​នៃ​ប្រាក់ខែ​ដែល​ពួក​គេ​ទទួល​បាន រហូត​ដល់​គ្រប់​ចំនួន​។ នេះ​បើ​តាម​ការ​ពន្យល់​របស់ ឯកឧត្ដម ម៉ៅ សិលា​។ ឯកឧត្ដម​បន្ថែម​ថា មូលហេតុ​ដែល​កំណត់​យក​ប្រាក់​ខែ​ត្រឹម​៥០០ដុល្លារ​ឡើង ដោយសារ​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ភាគ​ច្រើន​ទទួល​បាន​ចំណូល​មិន​ក្រោម​តួលេខ​នេះ​ទេ​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) បាន​ប្រកាស​ដាក់​ដំណើរការ​ជា​ផ្លូវ​ការ​នូវ “​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល​” ឬ “​Digital Skill Development Program​” កាល​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២៣ ជា​មួយ​នឹង​កម្មវត្ថុ​ចម្បង​ចំនួន​៣ រួមមាន​៖ ទី១ ការ​ចូលរួម​អនុវត្ត​ក្របខ័ណ្ឌ គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១​-​២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២​-​២០៣៥​, ទី២ ការ​លើក​កម្ពស់​ស្តង់ដារ​គុណវុឌ្ឍិ នៃ​ការ​អប់រំ​លើ​មុខ​ជំនាញ​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ឌីជីថល និង ទី​៣ ការ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​បម្រើ​ដល់​ការ​អប់រំ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.