​សិល្បៈជាតិ៖ ថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន អនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីហ្វីលីពីន ស្ដីពីការទប់ស្កាត់ការលួចនិងការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ និងក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងកម្ពុជានិងហ្វីលីពីន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីនិងឯកឧត្តម Victorino Mapa Manalo ប្រធានគណៈកម្មការជាតិវប្បធម៌និងសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការទប់ស្កាត់ការលួចនិងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌។

ថ្នាក់ដឹកនាំទាំងទ្វេរប្រទេសបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាង​ប្រទេស​ទាំងពីរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់​អំពី​ការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ឱ្យកាន់​តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងហ្វីលីពីន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការលួចនិងជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៕

Share.