ប៉េកាំង​៖ នាវាកងទ័ពជើងទឹកអាមេរិក ២គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងសប្តាហ៍នេះ ជាលើកដំបូងចាប់តាំងពីពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក របស់លោក ដូណាល់ ត្រាំ កាលពីខែមុន ដោយនាំឱ្យប្រទេសចិនខឹងសម្បារ ដែលបាននិយាយថា បេសកកម្មនេះបង្កើនហានិភ័យផ្នែកសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក ម្តងម្កាលអមដោយកប៉ាល់មកពីប្រទេសសម្ព័ន្ធមិត្ត ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ប្រហែលមួយដងក្នុងមួយខែ។

មេបញ្ជាការកងទ័ពជើងទឹកលោក Matthew Comer អ្នកនាំពាក្យនៅទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់យោធាអាមេរិក បាននិយាយថា «ការឆ្លងកាត់នេះបានកើតឡើងតាមរយៈច្រករបៀងមួយនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលហួសពីសមុទ្រដែនដីនៃរដ្ឋឆ្នេរណាមួយ។ នៅក្នុងច្រករបៀងនេះ ប្រជាជាតិទាំងអស់រីករាយនឹងសេរីភាពនាវាចរណ៍ ជើងហោះហើរលើសមុទ្រ និងការប្រើប្រាស់សមុទ្រស្របច្បាប់អន្តរជាតិផ្សេងទៀត ដែលទាក់ទងនឹងសេរីភាពទាំងនេះផងដែរ»។

យ៉ាងណាម៉ិញ យោធាចិននិយាយថា នាវាកងទ័ពជើងអាមេរិក ២គ្រឿង គឺ Lyndon B Johnson និង Bowditch បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃចន្ទ និងថ្ងៃពុធ ដោយបន្ថែមថា ចិនបានបញ្ជូនកម្លាំងទៅឃ្លាំមើល។

ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិន ភូមិភាគខាងកើត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃពុធ នេះថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាខុស និងបង្កើនហានិភ័យផ្នែកសន្តិសុខ»។

គួរបញ្ជាក់ថា ប្រទេសចិន ចាត់ទុកតៃវ៉ាន់ ជាបញ្ហាការទូតដ៏សំខាន់បំផុតរបស់ខ្លួន ហើយថា វាគឺជាចំណុចធ្វើឱ្យទំនាក់ទំនងចិន-អាមេរិក ជាប់គាំងដែរ៕

ប្រភព៖ CNA

Share.