នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​លេខទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline) ១១៨ ឲ្យ​ត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​។ ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​យោបល់​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បាន​ហៅ​ទូរស័ព្ទ​ចូល​លេខ ១១៨ នេះ ដោយ​គ្មាន​គោល​បំណង​ច្បាស់លាស់ ឬ​លេង​សើច បង្ក​ការ​រំខាន​។

លេខទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline 118) ជា​លេខ​ទូរស័ព្ទ​របស់​ភ្នាក់ងារ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដែល​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ទូទៅ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហៅ​ទូរស័ព្ទ​ចូល​រាយការណ៍​ពី​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ​។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ជា​សាធារណៈ តាម​រយៈ​ទំព័រ Facebook ផ្លូវការ​របស់​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូចជា​ឆ្លើយតប​ទៅ​កាន់​សារ​ដែល​បាន​បង្ហោះ​ដោយ​ឯកឧត្ដម​ខៀវ កាញារិទ្ធ ដែល​បាន​ស្រង់​ពី​ប្រជាពលរដ្ឋ​ផ្ញើ​ជូន​លោក​ផង​ដែរ​។ សារ​នោះ​មាន​ខ្លឹមសារ​ថា ខ្លួន​បាន​ជិះ​កាត់​រោងចក្រ​មួយ​កន្លែង​កំពុង​ឆាបឆេះ​នៅ​ម្ដុំ​ព្រៃ​ស ហើយ​ខ្លួន​ហៅ​ទូរស័ព្ទ​ទៅ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ ១១៨ ។ ម្ចាស់​ដើម​សារ​នោះ​បាន​លើកឡើង​២​ចំណុច​៖ ទី​១ ពេល​ហៅ​ទៅ​កាន់​លេខ ១១៨ ខ្លួន​ត្រូវ​ចុច​លេខ ១ បន្ត ដើម្បី​ជួប​សហការី​, ទី២ ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​លើក​។

ឆ្លើយតប​ទៅ​វិញ នៅ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ, នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​លើកឡើង​ថា លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline) ១១៨ ត្រូវ​បាន​ផ្អាក​ដំណើរការ​មួយ​រយៈពេល​ដើម្បី​ជួសជុល​បញ្ហា​បច្ចេកទេស ហើយ​ទើប​ដាក់​ដំណើរការ​ឡើង​វិញ​បាន ១​សប្ដាហ៍​។ ក្នុង​ដំណើរ​ការ​ឡើង​វិញ មួយ​រយៈពេល​ខ្លី​មក​នេះ​ខាង​អង្គភាព​ជួប​បញ្ហា​ហៅ​ទូរស័ព្ទ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន មក​រំខាន​គ្រប់​វិនាទី មិន​ថា​ពេលយប់ ឬ​ពេល​ថ្ងៃ​នោះ​ទេ ​ដែល​ការ​ហៅ​ចូល​នោះ បាន​លេងសើច​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់ ព្រមទាំង​ប្រើ​ពាក្យ​អសុ​រស​ផង ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រចាំការ​ធុញទ្រាន់​លែង​ចង់​ទទួល​។

នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​មេត្តា​យោក​យល់ និង​អធ្យាស្រ័យ ហើយ​សន្យា​ថា​នឹង​ខិតខំ​ពង្រឹង​នឹង​កែ​សម្រួល​នូវ​ចំណុច​ខ្វះខាត​ដោយ​អចេតនា ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ឡើង​វិញ​។

ជា​មួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ចូល​ទៅ​បញ្ចេញ​មតិ​យោបល់ ស្នើ​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​វែកមុខ​ជន​ណា​ដែល​បង្ក​ការ​រំខាន​ដល់​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដ៏​មមាញឹក​មួយ​នេះ និង​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ព្រមាន​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​បន្ត​ទៀត​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.