ភ្នំពេញ ៖ កំណាត់ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទោះជាអាជ្ញាធរ សមត្ថកិច្ច ធ្វើការអប់រំ ណែនាំ ដល់បងប្អូនបើកបរចូរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការបើកបរលើផ្លូវបញ្ច្រាសនាំឱ្យកកស្ទះចរាចរណ៍ រហូតដល់ចាត់វិធានការចាប់ឃាត់រាល់យានជំនិះណាដែលបើកបរលើផ្លូវបញ្ច្រាសយកទៅរក្សាទុកជាបណ្តោះអាសន្ន មកដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាជ្ញាធរសង្កាត់ នគរបាល បន្តប្រចាំសម្រួលចរាចរណ៍ ចាប់ឃាត់យានជំនិះជិះបញ្ច្រាស ខណៈដែលបងប្អូននៅតែប្រព្រឹត្ត ។

អាជ្ញាធរ សមត្ថកិច្ច បានឱ្យដឹងថា ការគោរពច្បាប់ចរាចរណ៍ផ្តើមចេញពីយើងទាំងអស់គ្នា ដើម្បីសុវត្តិភាពផ្ទាល់ខ្លួន ក៏ដូចអ្នកដទៃ ហើយសណ្តាប់ធ្នាប់សាធាេណៈក៏ប្រសើរ កាត់បន្ថយកកស្ទះចរាចរណ៍ ។

បន្ទាប់ពីកំណាត់ផ្លូវ២១៧ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ មានបងប្អូនប្រជាពលរដ្ឋគាត់ជិះបញ្ច្រាសផ្លូវ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ ទើបកម្លាំងសមត្ថកិច្ចចាត់វិធានការ ក្រោយអប់រំ ដោយឃាត់យានជំនិះទាំងឡាយណាបើកបរល្មើស យកទៅរក្សាទុកជាបណ្តោះអាសន្ន ។ គិតមកដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋភាគច្រើនយល់ដឹង ចូលរួមសហការណ៍ជាមួយចំណាត់ការរបស់សមត្ថកិច្ច នៅមានមួយចំនួនតូច នៅបន្តបំពាន នោះសមត្ថកិច្ចនៅបន្តចាប់ឃាត់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.