លោក ដូណាល់ ត្រាំ ដែលបានត្រឡប់មកសេតវិមានជាថ្មីក្នុងអាណត្តិទី២ ជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាសកលនៅទូទាំងសហរដ្ឋអាមេរិកនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំមុន បានចាប់ផ្ដើមអនុវត្តពាក្យសន្យា ជាមួយការចុះហត្ថលេខាលើញត្តិសំខាន់ៗមួយចំនួនជាបន្ដបន្ទាប់ស្ដីពីការប្រកាសដកខ្លួន និងការដាក់ទណ្ឌកម្មជាច្រើន។

លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើន ដើម្បីឱ្យសហរដ្ឋអាមេរិកប្រែក្លាយជា «យុគសម័យមាស» ចាប់ពីការដឹកនាំដោយរដ្ឋបាលរបស់លោកតទៅ។

ខាងក្រោមនេះជាបទបញ្ជាប្រតិបត្តិដែលលោក ត្រាំ បានចុះហត្ថលេខាក្រោយពីបានអង្គុយលើកៅអីប្រធានាធិបតីអាមេរិកជាថ្មី៖

១. ប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាលើកទី២ ដែលមានគោលដៅបង្ការកុំឱ្យកម្ដៅផែនដីកើនឡើងលើស ១.៥អង្សាសេ។ កាលពីអាណត្តិទី១ លោក ត្រាំ ក៏ធ្លាប់បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះដែរ តែសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានត្រឡប់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះជាថ្មី។

២. ដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ដែលជាការសម្រេចចិត្តមួយដ៏សំខាន់ក្នុងការកាត់ផ្ដាច់ទំនាក់ទំនងជាមួយទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់អង្គការសហប្រជាជាតិមួយនេះ ក្រោយពីបានរិះគន់ និងប្រកាសដកខ្លួនពីអង្គការ WHO ចាប់តាំងលោកនៅជាប្រធានាធិបតីទី៤៥ មកម្ល៉េះ ទាក់ទងនឹងការបរាជ័យក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០។ ប៉ុន្ដែក្រោយមក រដ្ឋបាលរបស់លោក ចូ បៃដិន បានចេញបទបញ្ជារារាំងការដកខ្លួនចេញពីអង្គការ WHO។ យ៉ាងណា លោក ត្រាំ ថាអាចនឹងពិចារណចូលរួមជាមួយអង្គការ WHO វិញ។

៣. បណ្ដេញជនអន្ដោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីសហរដ្ឋអាមេរិក អំឡុងសុន្ទរកថាស្បថចូលកាន់តំណែង លោក ត្រាំ បានប្រកាសថា លោកនឹងប្រកាសអាសន្នថ្នាក់ជាតិសម្រាប់តំបន់ព្រំដែនភាគខាងត្បូង។ លោកបានអនុញ្ញាតឱ្យប្រើប្រាស់ធនធានរបស់មន្ទីរបញ្ចកោណ និងការដាក់ពង្រាយកងកម្លាំង រួមទាំងសាងសង់ជញ្ជាំងព្រំដែនផងដែរ។ លើសពីនេះលោក បានចុះហត្ថលេខាលើបទបញ្ជាមួយដែលនឹងកំណត់និយមន័យឡើងវិញ ពី «ការចូលសញ្ជាតិពីកំណើត» ជានីតិវិធីមួយដែលកំណត់ថា អ្នកដែលកើតនៅសហរដ្ឋអាមេរិកនឹងទទួលបានសញ្ជាតិអាមេរិក ដោយស្វ័យប្រវត្តិ។

៤. ពន្យាពេលបិទ Tik Tok ដូចដែលបានសន្យានៅមុនថ្ងៃចូលកាន់តំណែង លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលពន្យាពេលការអនុវត្តបម្រាមលើការបិទប្រតិបត្តិការ TikTok នៅក្នុងសហរដ្ឋអាមេរិក ដើម្បីទុកពេលឱ្យក្រុមហ៊ុនសម្ព័ន្ធរបស់ TikTok លក់កម្មវិធីដ៏មានប្រជាប្រិយភាពរបស់ខ្លួន ឬក៏ត្រូវប្រឈមមុខនឹងការបិទ។ មុនឱសានវាទចូលមកដល់ TikTok បានបិទប្រតិបត្តិការរបស់ខ្លួនដែលមានអ្នកប្រើប្រាស់នៅអាមេរិក ជាង ១៧០លាននាក់។

តែមិនយូរប៉ុន្មាន TikTok បានបើកដំណើរការឡើងវិញ ក្រោយលោក ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា បានសន្យាថាស្វែងរកមធ្យោបាយមួយដើម្បីរក្សា TikTok ឱ្យបន្តប្រតិបត្តិការនៅអាមេរិក។ យ៉ាងណាក៏ដោយ អនាគតរបស់ TikTok នៅសហរដ្ឋអាមេរិកនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយវាមិនច្បាស់ថាតើក្រុមហ៊ុនចិន ByteDance ដែលជាមេរបស់ TikTok នឹងយល់ព្រមលក់ កម្មវិធីរបស់ខ្លួនឬក៏យ៉ាងណានោះទេ បើទោះជាអាចមានកិច្ចព្រមព្រៀងមួយស្របសម្រួលដោយលោក ត្រាំ ក៏ដោយ។ តាមបទបញ្ជារបស់លោក ត្រាំ ការបិទ TikTok ត្រូវពន្យារពេល ៧៥ថ្ងៃ។

៥. បញ្ជាឱ្យលុបចោលបទបញ្ជារបស់លោក ចូ បៃដិន ចំនួន ៧៨ចំណុច ហើយបទបញ្ជាទាំងនេះភាគច្រើនត្រូវបានលោក បៃដិន ចុះហត្ថលេខានៅពេលចូលកាន់តំណែងនៅថ្ងៃដំបូងរបស់លោក កាលពីឆ្នាំ២០២១។ បទបញ្ជាដែលត្រូវបានលុបចោលរួមមាន៖ បទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យអ្នកធ្លាប់វះកាត់ប្ដូរភេទអាចចូលបម្រើការក្នុងជួរយោធា បទបញ្ជាដែលហាមឃាត់ការចាប់ផ្ដើមជាថ្មីនូវកុងត្រាពន្ធនាគារឯកជន បទបញ្ជាដែលដកគុយបា ចេញពីបញ្ជីប្រទេសគាំទ្រភេរវកម្ម បទបញ្ជាដាក់ទណ្ឌកម្មលើអ្នកតាំងទីលំនៅអ៉ីស្រាអែល នៅក្នុងតំបន់ West Bank រួមទាំងបទបញ្ជាកាត់បន្ថយហានិភ័យ AI ផងដែរ។

លោក បៃដិន ទើបតែដកគុយបា ចេញពីបញ្ជីភេរវករកាលពីពេលថ្មីៗនេះប៉ុណ្ណោះ និងបានដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៉ីស្រាអែលក្នុងតំបន់ West Bank កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយចោទថាពីបទប្រព្រឹត្ត អំពើហិង្សា។

យ៉ាងណាម៉ិញ នៅមានញត្តិធំៗ ផ្សេងៗដែល លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាដូចជា៖

៦. លើកលែងទោស និងបន្ធូរបន្ថយទោសឱ្យជនដែលត្រូវចោទក្នុងរឿងព្រហ្មទណ្ឌថ្ងៃទី៦ ខែមករា ។

៧. បង្កើតនាយកដ្ឋានថ្មីដឹកនាំដោយលោក Elon Musk។

៨. ចេញបទបញ្ជាកំណត់ភេទនៅអាមេរិកមានតែ ២ប៉ុណ្ណោះ គឺ ភេទស្រី និងភេទប្រុស។

៩. ប្រកាសអាសន្នផ្នែកថាមពល និងលុបចោលការរឹតបន្ដឹងសកម្មភាពបូមប្រេង និងឧស្ម័ន។

១០. ដាក់ក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ និងក្រុមឧក្រិដ្ឋជនអន្ដរជាតិ ជាក្រុមភេរវករ។

១១. បញ្ជាឱ្យដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្រ្តី និងជនអន្ដោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

១២. បញ្ជាឱ្យផ្អាកផ្ដល់ជំនួយទៅបរទេសរយៈពេល ៩០ថ្ងៃ ដោយរង់ចាំការត្រួតពិនិត្យ។

១៣. សន្យាបញ្ចប់សង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ត្រឹមរយៈពេល ២៤ម៉ោង។

១៤. ការផ្អាកការជ្រើសរើសបុគ្គលិកថ្មី និងតម្រូវឱ្យបុគ្គលិករដ្ឋត្រឡប់មកធ្វើការនៅការិយាល័យវិញ។

១៥.​ ប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក។

១៦. ប្រកាសដកខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

១៧. យកពន្ធគយ ១០ភាគរយលើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ជុំវិញពិភពលោក។

១៨ ដំឡើងពន្ធ ២៥ភាគរយរាល់ទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា​ ក្នុងនោះក៏ដែក-អាលុយមីញ៉ូមដែរ ។

១៩. ដំឡើងពន្ធគយ ៦០ភាគរយលើទំនិញនាំចូលពីប្រទេសចិន។

២០. បណ្ដេញមន្រ្តីក្រសួងយុត្តិធម៌ ១២នាក់ដែលស៊ើបអង្កេតរឿងក្ដីរបស់លោក។

២១. លុបចោលកិច្ចព្រមព្រៀងបៃតងថ្មី ក្នុងនោះមានគោលនយោបាយបង្កើនការប្រើប្រាស់រថយន្ដអគ្គិសនី (EV)៕

អត្ថបទ៖ ស្រាវជ្រាវ

Share.