ភ្នំពេញ ៖ ផ្លូវក្រវ៉ាត់ក្រុងទី៣ ឬមហាវិថីសុីជីនពីង ជាផ្លូវដ៏មានសារៈសំខាន់ ក្នុងការបញ្ជៀសចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នមានមធ្យោបាយឆ្លងកាត់ច្រើន ទាំងយានធុនតូច ធុនធំ ដឹកទំនិញ ឆ្លងកាត់ទាំងយប់ ថ្ងៃ ហើយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ប្រកបដោយសុវត្តិភាព ត្រូវបានមន្ត្រីជំនាញ សមត្ថកិច្ច រៀបចំតម្លើងភ្លើងស្តុប ដើម្បីឱ្យអ្នកបើកបរគោរពប្រតិបត្តិភ្លើងសញ្ញា បញ្ជាចរាចរណ៍ ជាបន្តបន្ទាប់ ទៅតាមគោលដៅប្រឈម ផ្លូវឆ្លងកាត់ ។


បន្ទាប់ពីមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ ទទូចស្នើសុំដល់អង្គភាពជំនាញ សមត្ថកិច្ច សូមឱ្យមានភ្លើងស្តុប ត្រង់ចំណុចផ្លូវកែងវត្តគោកខ្សាច់ ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងហេតុផល ជាចំណុចប្រឈមគ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់ ទើបនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមត្ថកិច្ច អង្គភាពជំនាញ បានរៀបចំតម្លើងភ្លើងស្តុប ត្រង់ចំណុចផ្លូវកែងខាងលើ សម្រួលដល់បងប្អូនអ្នកដំណើរ ។


អាជ្ញាធរ សមត្ថកិច្ច អំពាវនាវ ក៏ជាសារដាស់តឿនផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ អ្នកប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុង ពិសេសរាល់បញ្ជាចរាចរណ៍លើដងផ្លូវ បើកបរបង្កើនការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ សុវត្តិភាពលោកអ្នក ក៏ដូចជាអ្នកដទៃ ៕

