យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យក្រុង Taichung បានឱ្យដឹងថា ហេតុការផ្ទុះហ្គាសមួយនៅផ្សារទំនើប Shin Kong Mitsukoshi របស់កោះតៃវ៉ាន់ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់បាត់បង់ជីវិត និង ៧នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន National Thailand នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ការផ្ទុះនេះបានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីព្រឹក នៅជាន់ទី១២ នៃផ្សារទំនើបខាងលើ ដែលមានទីតាំងនៅតំបន់ Xitun នៃទីក្រុង Taichung កោះតៃវ៉ាន់។

បើតាមនាយកដ្ឋានពន្លត់អគ្គិភ័យ បានឱ្យដឹងថា ជាន់ទី១២ នោះគឺជាសាលអាហារ ដែលត្រូវបានបិទ ព្រោះកំពុងមានការជួសជុល។

ទាក់ទិននឹងបញ្ហានេះ អភិបាលក្រុង Taichung លោកស្រី Lu Shiow-yen បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែជាការងារអាទិភាព ខណៈអាជ្ញាធរក៏កំពុងស៊ើបអង្កេតមូលហេតុ និងវាយតម្លៃគ្រោះថ្នាក់ដែលអាចកើតមានផ្សេងៗទៀត។

ជាមួយគ្នានេះដែរ​ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បានជំរុញឱ្យមានការស៊ើបអង្កេតរកមូលហេតុលើឧបទ្ទវហេតុនេះឱ្យបានឆាប់រហ័ស នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរ៕

ប្រភព៖ Nation Thailand

Share.