កំពង់ឆ្នាំង៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុករលាប្អៀរ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះស្រាវជ្រាវករណីក្មេងបង្ហោះម៉ូតូ តាមផ្លូវវាងក្រុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមរយៈ ផេកមួយបានបង្ហោះ រូបភាពវីដេអូ «ខំបន្តិចទៀតអាអូនទំពាំងស្អុយនៅខាងខេត្តកំពង់ឆ្នាំងបងប្អូន ឥលូវបន្តិចទៀតបានវាស់កម្ពស់ហើយនៀកលេងបង្ហោះម៉ូតូនៅលើផ្លូវជាតិបងប្អូនអើយនៅខាងខេត្តកំពង់ឆ្នាំង មន្ត្រីប៉ូលិសបើឃើញហើយចុះទៅបង្ក្រាបផងបងប្អូនអើយមើលៗផងអោយសុទ្ធតែទំពាំងស្អុយទេនៀកនៅស្រុកខ្មែរយើងមានច្រើនណាស់»។


ក្រោយពីការចុះស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចយើងបានរកឃើញក្មេងមួយក្រុមចំនួន ១០ នាក់ ម៉ូតូចំនួន ០៩ គ្រឿង យកមកធ្វើការសាកសួរ ដោយពួកគេបានឆ្លើយសារភាពថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:៣០ នាទី នៅចំណុចផ្លូវកោងវាងក្រុង ស្ថិតនៅក្នុងភូមិឃុំខាងលើ ពួកគេបានដាក់ម៉ូតូតំរៀបគ្នាលើផ្លូវថ្នល់ជាតិ ក្នុងគន្លងផ្លូវម៉ូតូ ដើម្បីថតរូបនិងថតជាវីដេអូ ពេលនោះដែរមាន០២នាក់ ក្នុងចំណោមពួកគេ បានជិះម៉ូតូបង្ហោះពិតប្រាកដមែន ។

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕
អត្ថបទ៖ កណ្តាល

