ភ្នំពេញ ៖ ទីតាំងក្រុមហ៊ុនផលិត ស្តុក ទឹកឃ្មុំក្លែងបន្លំមួយកន្លែង ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្រាវជ្រាវចុះបង្ក្រាបចាប់បានជិត២០តោន ឃាត់ខ្លួនបានទាំងម្ចាស់ទីតាំងផងដែរ ។

ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសើបអង្កេតស្រាវជ្រាវ ឈានរហូតដល់ចុះបង្ក្រាបទីតាំងក្រុមហ៊ុនខាងលើ រកឃើញទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត២០តោន និងឃាត់ខ្លួនម្ចាស់ទីតាំងផងដែរ ។

ទីតាំងផលិត ស្តុក ខាងលើត្រូវបានបិទផ្អាកអាជីវកម្ម រឹមអូសវត្ថុតាង ឃាត់ខ្លួនម្ចាស់ទីតាំង នាំយកទៅសាកសួរ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.