សិល្បៈជាតិ៖ រូបសំណាកអនុស្សាវរីយ៍របស់លោក ស៊ីន ស៊ីសាមុត ដែលគ្រប់គ្នាស្គាល់លោកជាអធិរាជសំឡេងមាស គ្រោងនឹងតម្លើងនៅសួនច្បារមាត់ទន្លេជិតស្ពានសេកុង នៅក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីបង្ហាញពីការរំលឹកដល់​ការ​ចងចាំមរតក​ស្នាដៃ​បទចម្រៀង និងជាទីរំលឹកដល់ក្រុមគ្រួសាររបស់លោក។

ការតម្លើងគម្រោងនេះរូប​សំណាក​អនុស្សាវរីយ៍​លោក​ ស៊ីន ​ស៊ីសាមុត គឺបានទទួលការគាំទ្រពីម្ចាស់ជំនួយ NGO-KINAL និងសម្របសម្រួលដោយ មន្ទីរទេសចរណ៍ខេត្ត។ ការតម្លើងរូបសំណាកនេះ នឹងរួមចំណែកលើកកម្ពស់ទេសចរណ៍ និងអភិវឌ្ឍន៍សោភ័ណភាពខេត្ត ជាកន្លែងទាក់ទាញថ្មី សម្រាប់អ្នកដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

យ៉ាងណាមិញ គម្រោងតម្លើងរូប​សំណាក​អនុស្សាវរីយ៍​លោក​ ស៊ីន ​ស៊ីសាមុត នឹងក្លាយជាគោលដៅទេសចរណ៍ និងជាផ្នែកចូលរួមផ្សព្វផ្សាយទេសចរណ៍ខេត្តស្ទឹងត្រែង និង អភិរក្សទេពកោសល្យសិល្បៈរបស់លោក ស៊ិន ស៊ីសាមុត ដែលជាអធិរាជសំឡេងមាស ដែលជាមរតកវប្បធម៌ដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

គួររំលឹកដែរថា ​លោកស៊ីន ស៊ី​សាមុត កើត​នៅ​ថ្ងៃទី​២៣ សីហា ១៩៣២ មានស្រុកកំណើតនៅ​ខេត្តស្ទឹងត្រែង​។ លោក​ជា​កូនប្រុសពៅ​ក្នុងចំណោម​បងប្អូន​៤​នាក់​។ លោកបាន​បាត់​បង់ជីវិត​ក្នុងអំឡុង​របប​ខ្មែរក្រហម​នៅ​ឆ្នាំ ១៩៧៦ ប៉ុន្តែ​ឥទ្ធិពល​នៃបទចម្រៀងរបស់គាត់​នៅតែ​បន្ត​មាននៅ​ក្នុង​វង់​តន្ត្រី​ខ្មែររហូតមកដល់​មក​ស​ព្វ​ថ្ងៃនេះ​។ ស្នាដៃ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត គឺជា​មរតក​សិល្បៈ​ដ៏​មានតម្លៃ​មហាសាល ក្នុង​ប្រវត្តិ​សិល្បៈ​ចម្រៀងនិង​ភាពយន្ត​ខ្មែរ​៕

Share.