ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជនជាតិចិន២នាក់ ជនជាតិខ្មែរ១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការក្រុងភ្នំពេញ សហការជាមួយកម្លាំងស្នងការខេត្តបន្ទាយមានជ័យ ស្រាវជ្រាវតាមចាប់ខ្លួនបាន នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ភូមិ កូនដំរី សង្កាត់ និម្មិត ក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយ មានជ័យ បន្ទាប់ពីជនសង្ស័យប្រដាប់ដោយអាវុធខ្លី វែង ធ្វើសកម្មភាព ភ្ជង់ និងបាញ់៣គ្រាប់ ទៅលើគូទំនាស់ ជាជនជាតិចិនដូចគ្នា កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុី មុខព្រលានយន្តហោះ ក្រុម២ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ករណីផ្ទុះអាវុធពីសំណាក់ជនជាតិចិនខាងលើ ផ្តើមចេញពីទំនាស់រវាងជនជាតិចិន២ក្រុម ចូលផឹកសុីនៅចំណុចខាងលើ កើតទំនាស់ ភាគីខាងជនដៃដល់គ្នា៣នាក់បានចាកចេញមកមុន ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យទាំង៣នាក់ ជិះថយន្តមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2CA-7210 ប្រដាប់ដោយកាំភ្លើងខ្លី កាំភ្លើងវែង AK47 ចំនួន២ដើម ទៅកន្លែងកើតហេតុវិញ ហើយធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់គម្រាមលើគូរទំនាស់ រួចរត់ចូលក្នុងបរិវេណអគាររតនៈសម្បត្តិ បាញ់៣គ្រាប់ឡើងលើ គ្រាដែលគូទំនាស់ដើរចេញមកក្រៅដែរ ។

ក្រោយពីផ្ទុះអាវុធចំនួន៣គ្រាប់ទៅលើមេឃហើយ ទោះជាមិនបង្កឱ្យអ្នកណារងរបួសមែន បង្កឱ្យភ្ញាក់ផ្អើល ជនសង្ស័យទាំង៣នាក់ នាំគ្នារត់គេចខ្លួនបាត់ចោលទាំងរថយន្ត ទាំងភាគីម្ខាងទៀតក៏រត់គេចខ្លួនផងដែរ ។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជំនាញស្នងការក្រុង ចុះពិនិត្យស្រាវជ្រាវ រកឃើញរថយន្តមួយគ្រឿងរបស់ក្រុមជនដៃដល់ និងមួយគ្រឿងរកម្ចាស់មិនឃើញ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រួមទាំងហៅជនជាតិចិន២នាក់ទៅសាកសួរ ដើម្បីបន្តស្រាវជ្រាវ ។

ដោយមានកិច្ចសហការ រវាងកម្លាំងស្នងការក្រុងភ្នំពេញ កម្លាំងស្នងការខេត្តបន្ទាយមានជ័យ ស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យ៣នាក់ ចិន២នាក់ ខ្មែរ១នាក់ នៅចំណុច ភូមិ កូនដំរី សង្កាត់ និម្មិត ក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយ មានជ័យ នៅយប់ថ្ងៃដដែល គ្រាដែលជនសង្ស័យព្យាយាមរត់គេចខ្លួន ហើយសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅស្នងការរាជធានីភ្នំពេញវិញ ។

ជុំវិញករណីផ្ទុះអាវុធពីសំណាក់ជនជាតិចិនខាងលើនេះ លោក Wang Wenbin
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចេញសារថ្កោលទោសចំពោះហេតុការណ៍បាញ់បោះដោយជនជាតិរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ និងគាំទ្រសមត្ថកិច្ចផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរដល់ជនល្មើស ៕

Share.