ភ្នំពេញ ៖ ផ្លូវបេតុង ប្រព័ន្ធលូ ស្ថិតនៅក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានសាងសង់រួចទៅហើយ តែគួរឱ្យសោកស្តាយ ប្រព័ន្ធបង្ហូររំដោះទឹកបានបាក់ខូចទៅវិញ ក៏ដោយសារអាជ្ញាធរមូលដ្ឋាន អនុញ្ញាតិឱ្យ បុគ្គលតាមផ្ទះមួយចំនួន កែច្នៃប្រព័ន្ធតភ្ជាប់ ធ្វើឱ្យបាក់ខូចលូ បណ្តាលឱ្យទឹកលែងហូរ បែជាហៀរចេញមកលើផ្លូវទៅវិញ រួមជាមួយក្លិនស្អុយ ជិត១ឆ្នាំទៅហើយ ការសន្យារបស់អាជ្ញាធរភូមិ សង្កាត់ បានអូសបន្លាយពេល ធ្វើឱ្យក្លិនទឹកស្អុយកាន់តែខ្លាំងឡើង ។

ដោយសារទឹកលូហៀរចេញមកលើផ្លូវ និងក្លិន បង្កផលប៉ះពាល់ដល់បរិស្ថាន ការរស់នៅរបស់ពលរដ្ឋ ទើបនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សំណូមពរដល់អាជ្ញាធរ ឬបុគ្គលអ្នកធ្វើឱ្យខូចខាត មេត្តាពន្លឿន ស្តា ប្រព័ន្ធលូក្នុងមូលដ្ឋានខាងលើឡើងវិញ ជៀសវាងភ្លៀងធ្លាក់មកដល់ នោះពលរដ្ឋកាន់តែជួបផលលំបាក ។

តាមពលរដ្ឋបានឱ្យដឹងថា ផ្លូវបេតុង ប្រព័ន្ធលូ ក្នុងភូមិខាងលើ បានកសាងឡើងដោយមូលនិធិ សាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីពលរដ្ឋប្រើប្រាស់ តែអ្វីដែលគួរឱ្យសោកស្តាយ អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ អនុញ្ញាតិឱ្យបុគ្គល មួយចំនួនក្នុងមូលដ្ឋាន ទៅកាយ ផ្តាច់ តភ្ជាប់ ធ្វើឱ្យទឹកលូលែងហូរ បែជាហូរចេញមកលើផ្លូវបេតុងទៅវិញ រួមជាមួយក្លិនស្អុយ អស់រយៈពេលជិត១ឆ្នាំហើយ គ្រាន់តែសន្យាពីអាជ្ញាធរ ពីបុគ្គលធ្វើឱ្យខូច បានអូសបន្លាយពេលច្រើនខែមកនេះ ធ្វើឱ្យទឹកលូនិងក្លិន ប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិចំណុចនោះ ។

ពលរដ្ឋបន្តទៀតថា នៅពេលថ្ងៃ ទឹកលូហូរហៀរល្មមទេ តែដល់ពេលយប់ បន្ទាប់ពីអ្នកប្រើប្រាស់ទឹកតាមផ្ទះកាន់តែច្រើន ធ្វើឱ្យទឹកលូ ហូរចាក់មកលើផ្លូវកាន់តែខ្លាំង ។

ដោយសារទ្រាំនឹងទឹកលូ ក្លិនស្អុយ រាប់ខែមកហើយ រងចាំការសន្យាយូរពេក នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ពលរដ្ឋ អ្នកភូមិ សំណូមពរដល់អាជ្ញាធរ បុគ្គលដែលធ្វើឱ្យខូចលូ មេត្តាជួយពិនិត្យ និងស្តា ជួសជុលប្រព័ន្ធលូឡើងវិញ បង្កខ្លាចភ្លៀងធ្លាក់មក កាន់តែហានិភ័យហើយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.