(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។ នៅក្នុងប្រតិបត្តិការដ៏ក្ដៅ នៅក្រុងបាវិត ខេត្តស្វាយរៀងនោះ កម្លាំងនគរបាលដកហូតបានគ្រឿងញៀនជាង៤គីឡូក្រាម អាវុធខ្លី៥ដើម និងវត្ថុតាងមួយចំនួនទៀត។

នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥នាក់។

ជនជាតិវៀតណាមដែលត្រូវបានចាប់ឃាត់ខ្លួនក្នុងប្រតិបត្តិការខាងលើរួមមាន៖
ទី១. ឈ្មោះ ហ្វាម ឌឹកគឿង ប្រុស អាយុ ២៨ឆ្នាំ
ទី២. ឈ្មោះ កាប ឌឹកអាញ់ ប្រុស អាយុ ៣៨ឆ្នាំ
ទី៣. ឈ្មោះ ង្វៀង វ៉ាន់ទូ ប្រុស អាយុ ២១ឆ្នាំ
ទី៤. ឈ្មោះ ង្វៀង វ៉ាន់មិ ប្រុស អាយុ ៣៣ឆ្នាំ
ទី៥.ច្រឹង ដឹកម៉ាន់ ប្រុស អាយុ ២៥ឆ្នាំ


ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចបានចាប់យកនិងដកហូតសម្ភារនិងវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១៦៩៣,៣៧ក្រាម, ថ្នាំញៀនប្រភេទ អុិចស្តាសុី ទម្ងន់ ២៣៤៣,៩៥ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦៣៥,១៦ក្រាម (សរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម) ៤គីឡូ៦២៨,៨៩ក្រាម, អាវុធខ្លី០៥ ដើម បង់០៥ គ្រាប់៥៤គ្រាប់ រថយន្ត១ គ្រឿង, ម៉ូតូ២គ្រឿង លិខិតឆ្លងដែន ០២ក្បាល, អត្តសញ្ញាណបណ្ណ័វៀតណាម១ សន្លឹកប្រាក់ដុល្លា ១០០០ដុល្លារ ប្រាក់ដុង ៤.០០០.០០០ដុង រួមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាងដែលរឹបអូសបានត្រូវកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កណ្ដាល

