កំពង់ស្ពឺ៖ លោកតា សឹង ភឺន អាយុ៧៥ឆ្នាំ ប្រកបមុខរបរឡើងត្នោត ប្រពន្ធអាយុ៥៣ឆ្នាំ មានជំងឺប្រចាំកាយ និងពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារទៀត រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានអំណោយសប្បុរសធម៌ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសហការីដែលបានចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ។

នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម ពីករណីដ៏លំបាករបស់គ្រួសារលោក សឹង ភឺន អាយុ៧៥ឆ្នាំ ប្រកបមុខរបរឡើងត្នោត ប្រពន្ធអាយុ ៥៣ឆ្នាំ មានជំងឺប្រចាំកាយ ព្រមទាំងមានកូនប្រុសម្នាក់មានជំងឺខ្សោយសតិពីកំណើតផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារខាងលើ រស់នៅភូមិត្រពាំងត្រាវ ឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានណែនាំដល់ លោកជំទាវ ម៉ែន នារីសោភ័គ ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាជន ដែលរស់នៅក្នុងភូមិចំនួន៥ នៃឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទើបមើលឃើញថានៅទីនេះ មានប្រជាជនងាយរងគ្រោះបំផុត ដែលជាចាស់ឥតទីពឹង ជនពិការ និងគ្រួសារមានកូនច្រើន ចំនួន ៤៩គ្រួសារទៀត ហេតុនេះហើយ កាកបាទក្រហមកម្ពុជា ក៏បានដោះស្រាយផ្តល់ជូនអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដល់គ្រួសារងាយរងគ្រោះបំផុតទាំងអស់នោះផងដែរ។









សូមជម្រាបជូនថា ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម។ ជាមួយគ្នានេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន៕

