ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលលើជំនាញពិធីករ-ពិធីការិនី ជូនដល់យុវជនយុវនារី និងមន្រ្តីរាជការចំណុះអង្គភាពរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញបន្ថែមដល់សិក្ខាកាម ដែលមានមូលដ្ឋាននិងទេពកោលសល្យ ជាពិធីករ-ពិធីការិនីផង និងជាមូលដ្ឋានគ្រឹះដល់សិក្ខាកាមថ្មីៗ ដែលមានបំណងចង់ចេះ និងចង់ចាប់យកជំនាញធ្វើជាពិធិករ-ពិធិការិនី សម្រាប់កម្មវិធីផ្លូវការនានា។ ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងភាពកង្វះខាតអ្នកកាន់កម្មវិធីផ្សេងៗ ដូចជាកម្មវិធីថ្នាក់ក្រោមជាតិ ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ វេទិកាសាធារណៈ កម្មវិធីនៅតាមសាលារៀន និងកម្មវិធីការប្រគំតន្រ្តីនានា ដែលពិបាករកអ្នកកាន់កម្មវិធី។

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា សក្ដានុពលនៃមន្រ្តីវ័យក្មេងក្នុងពេលបច្ចុប្បន្ននេះ ត្រូវតែជាមន្រ្តីដែលរឹងមាំលើចំណេះដឹង តាមរយៈការទទួលបានវគ្គបណ្ដុះបណ្ដាលថ្មីៗឱ្យស្របទៅតាមតម្រូវការការងារនាពេលបច្ចុប្បន្ន។ ឯកឧត្តមបណ្ឌិតសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះ ក្រៅពីពង្រឹងលើសមត្ថភាពជាពិធីករ-ពិធីការិនី ប៉ុន្តែវគ្គនេះនឹងពង្រឹងបន្ថែមទៀតដល់ទេពកោសល្យរបស់មន្រ្តីលើការសរសេរព័ត៌មាន ការសរសេរដំណឹងក្ដៅ ការសរសេរ និង ផលិតបទយកការណ៍ បទអត្ថាធិប្បាយ និងការនិយាយជាសាធារណៈលើវេទិកា ការធ្វើបទបង្ហាញ ឬអង្គប្រជុំផ្សេងៗប្រកបដោយទំនុកចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាសម័យទំនើបនៃយុគសម័យបច្ចេកវិទ្យា ដែលកំពុងដំណើរការជុំវិញពិភពលោក។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជាចំណេះដឹងដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់សិក្ខាកាមទាំងអស់ ដែលបានចូលរួមឱ្យមានភាពរលូន ប្រសិទ្ធភាព និងភាពទាក់ទាញ ព្រមទាំងគោរពតាមបទដ្ឋានពិធីការ និងអាចប្រើប្រាស់ជំនាញ ដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទុកជាដើមទុនយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាមួយនឹងជំនាញមួយនេះសម្រាប់កម្មវិធីផ្លូវការនានាឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ជូនថា នៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនីនេះមានរយៈពេល១ថ្ងៃពេញគឺនៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៥ និងមានសិក្ខាកាមចូលរួមចំនួន ១៥០៕





