ប៉េកាំង៖ យោធាចិននៅថ្ងៃចន្ទ នេះ បានថ្កោលទោសការបើកនាវាចម្បាំងរបស់កាណាដា នៅច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថា កងកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹករបស់ខ្លួន បានតាមដាន និងព្រមាននាវាចម្បាំងនោះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាវាចម្បាំងអាមេរិកមួយគ្រឿងក៏បានដឹកនាំបេសកកម្មនៅលើច្រកសមុទ្រនេះដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងម្តងម្កាលនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តដូចជា៖ កាណាដា អង់គ្លេស និងបារាំង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់យ៉ាងហោចណាស់ម្ដងក្នុង ១ខែ។ ខណៈចិន​ដែល​ទាមទារ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន បាន​និយាយ​ថា សូម្បីផ្លូវ​ទឹក​យុទ្ធសាស្ត្រ​ ក៏ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែរ។

បញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា «សកម្មភាពរបស់ប្រទេសកាណាដា បានបង្កបញ្ហាដោយចេតនា និងបានបំផ្លាញសន្ដិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

សេចក្ដីថ្លែងការដដែលបន្ថែមថា «កងកម្លាំងនៃបញ្ជាការដ្ឋានភូមិភាគខាងកើតបានរក្សាការប្រុងជើងការខ្ពស់គ្រប់ពេលវេលា និងដើម្បីទប់ទល់ដាច់ខាតចំពោះការគំរាមកំហែង និងការបង្កហេតុទាំងឡាយ»។

យ៉ាងណាម៉ិញ យោធាកាណាដា មិនបានធ្វើការអត្ថាធិប្បាយអ្វីទេ ប៉ុន្ដែទាំងរដ្ឋាភិបាលចិន និងតៃវ៉ាន់ បានបញ្ជាក់ថា នាវាចម្បាំងខាងលើដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជានាវារបស់ប្រទេសកាណាដា។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យ ថា នាវាខាងលើបានបើកក្នុងទិសដៅទៅភាគខាងជើង ដោយបន្ថែមថា កងកម្លាំងតៃវ៉ាន់ ក៏បានរក្សាការឃ្លាំមើលការធ្វ់ើដំណើរឆ្លងកាត់ច្រកសមុទ្រផងដែរ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីព្រឹកថ្ងៃចន្ទ នេះ ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពរបស់ចិនក្នុងរយៈពេល ២៤ម៉ោងមុនថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង និងនាវាចំនួន ៩គ្រឿងនៅជុំវិញកោះ និងនៅភាគនិរតីរបស់តៃវ៉ាន់។

កាលពីខែតុលាឆ្នាំមុន នាវាចម្បាំងអាមេរិក និងកាណាដាបានធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រនេះ តិចជាងមួយសប្តាហ៍ បន្ទាប់ពីប្រទេសចិនបានបើប្រតិបត្តិយោធានៅជុំវិញកោះតៃវ៉ាន់នេះ៕

ប្រភព៖ CNA

Share.