កណ្ដាល៖ ជនសង្ស័យម្នាក់​ ដែល​ធ្លាប់​រងគ្រោះ​ព្រោះ​មេកា​មិន​បើក​ប្រាក់ខែ បាន​ដើរ​ទៅជួប​​ម្ចាស់​ការ៉ាស់​ជួសជុលរថយន្ត​ ហើយ​បាន​សុំ​កន្លែងស្នាក់​ ដោយ​ឃើញ​ជនសង្ស័យ​គួរ​ឱ្យ​អាណិត​ម្ចាស់​​ផ្ទះបាន​ទទួល​ឱ្យ​ស្នាក់​នៅ និង​ចូលធ្វើ​ការការ៉ាស់ឡានខ្លួន​ ប៉ុន្តែ​នៅបាន​តែ​៣ថ្ងៃ​ ម្ចាស់​ផ្ទះបាន​ក្លាយជា​ជនរងគ្រោះ​ ព្រោះ​តែ​ជនសង្ស័យ​បាន​លួច​យក​ម៉ូតូ​ទៅលក់បាត់។

ជនសង្ស័យដែល​ត្រូវ​បាន​សមត្ថកិច្ចចាប់ឃាត់ខ្លួនមាន​ឈ្មោះ​ គិន ឡា ហៅ​សុភក្ត្រ មាន​ស្រុកកំណើត​នៅខាង​ភូមិអន្ទងបែក ឃុំអង្គរមាស​ស្រុកដងទង់ ខេត្តកំពត។ កាល​ពីចុង​ឆ្នាំ​២០២៤ គេបាន​ចាកចេញ​ពីស្រុកទៅរកការងារធ្វើ​នៅ​កោះ​កុង ដោយ​ធ្វើ​ជា​កម្មករ​រៀបថ្ម ធ្វើ​ការ​បាន​២៨ថ្ងៃ ដោយសារ​មេកាមិន​បើកប្រាក់ខែឱ្យ ទើប​ជនសង្ស័យឈប់ធ្វើការ។

នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ជនសង្ស័យបានដើររកការងារធ្វើ មកដល់ផ្លូវបំបែកថ្មបាំង ខេត្ដកោះកុង ជនសង្ស័យក៏បានដើរចូលការ៉ាស់រថយន្ដរបស់ជនរងគ្រោះសុំកន្លែងស្នាក់នៅ ជនរងគ្រោះឃើញជនសង្ស័យក៏មានការអាណិត ហើយក៏បានឱ្យជនសង្ស័យនៅធ្វើការក្នុងការ៉ាស់ជួសជុលរថយន្ដរបស់ខ្លួន បានចំនួន០៣ថ្ងៃ។ ឈាន​មក​ដល់​ថ្ងៃទី​ ១៧.០៦.២០២៤ វេលាម៉ោង១៧:០០នាទី ជនរងគ្រោះ និងឪពុករបស់ខ្លួនបាននាំជនសង្ស័យចេញពីខេត្តកោះកុង (ការ៉ាស់ជួសជុលរថយន្តរបស់ខ្លួន) ឱ្យមកជួយជួសជុលរថយន្តនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ស្រាប់​តែដល់ថ្ងៃទី១៨.០៦.២០២៤ ក្រោយពេលមកដល់ផ្ទះនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ក៏បាននាំគ្នាសម្រាកដល់វេលាម៉ោង១០:៣០នាទី ជនរងគ្រោះបានហៅជនសង្ស័យឱ្យងើបហូបបាយថ្ងៃត្រង់។ ក្រោយពីហូបបាយរួចជនរងគ្រោះបានហៅជនសង្ស័យទៅធ្វើទ្បានជាមួយខ្លួន ពេលទៅដល់កន្លែងធ្វើទ្បាន ក៏មានជាងផ្សេងទៀតជួសជុលជិតរួច ជនរងគ្រោះ និងជនសង្ស័យក៏ត្រទ្បប់មកវិញ។ ពេលមកដល់ផ្ទះ ជនរងគ្រោះបានឱ្យជនសង្ស័យជួយលាយខ្សាច់ និងស៊ីម៉ង់ចាក់សាបនៅមុខផ្ទះជាមួយឪពុករបស់ខ្លួន ពេលចាក់សាបរួចជនសង្ស័យក៏បានទៅងូតទឹកសម្អាតខ្លួនសម្រាក បានមួយសន្ទុះឪពុករបស់ជនរងគ្រោះឈ្មោះ សឹម ថាត បានបបួលជនសង្ស័យទៅផឹតស៊ីនៅផ្ទះបងប្អូនរបស់ខ្លួនឈ្មោះ ហៀង សំណាង នៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ដោយជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ព្រៃវែង 1E-5837 ឌុបជនសង្ស័យចេញទៅផ្ទះ ពេលទៅដល់ផ្ទះឈ្មោះ ហៀង សំណាង ក៏បាននាំគ្នាផឹកស្រាថ្នាំអស់០១លីត្រកន្លះ ដោយផឹកគ្នាចំនួន០៣នាក់ ដល់វេលាម៉ោង១៩:៣០នាទី ជនសង្ស័យក៏បានសុំឪពុកជនរងគ្រោះឈ្មោះ សឹម ថាត មកផ្ទះមុន ហើយឪពុកជនរងគ្រោះ ក៏បានឱ្យម៉ូតូម៉ាកខាងលើ ទៅជនសង្ស័យជិះទៅផ្ទះមុន ក្នុងពេលនោះជនសង្ស័យក៏បានយកទូរសព្ទម៉ាក OPPO របស់ឈ្មោះ សឹម ថាត ០១គ្រឿងទៀតមកជាមួយ ក្រោយពេលជនសង្ស័យជិះម៉ូតូនោះចេញមក ជនសង្ស័យក៏បានជិះគេចខ្លួន សំដៅទៅខេត្តកំពង់ឆ្នាំង ពេលជិះតាមផ្លូវម៉ូតូបានអស់សាំង ហើយជនសង្ស័យក៏បានយកទូរសព្ទនោះទៅលក់បានប្រាក់ចំនួន៥០,០០០រៀល ចាក់សាំងជិះបន្តទៅទៀត ពេលទៅដល់ខេត្តកំពង់ឆ្នាំង ជនសង្ស័យក៏បានដេកនៅផ្ទះសំណាក់ចំនួន០១យប់។ លុះព្រឹកទ្បើងជនសង្ស័យក៏បានជិះម៉ូតូនោះត្រឡប់ទៅខេត្តមណ្ឌលគីរីវិញ ពេលជិះទៅដល់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជនសង្ស័យក៏បានយកម៉ូតូនោះទៅលក់ឱ្យអ្នកមិនស្គាល់អត្តសញ្ញាណម្នាក់បានប្រាក់ចំនួន១,០០០,០០០រៀល បន្ទាប់មកជនសង្ស័យក៏បានយកប្រាក់នោះទៅទិញទូរសព្ទ០១គ្រឿង អស់ប្រាក់ចំនួន៣២០,០០០រៀល ហើយប្រាក់ដែលនៅសល់ជនសង្ស័យបានទុកចាយ។

យ៉ាងណាមិញ​អ្នក​ធ្វើ​អំពើ​អាក្រក់​មិន​បាន​គេច​ផុត​រហូត​នោះ​ឡ់ើយ លុះនៅថ្ងៃទី១៥.០២.២០២៥ ជនរងគ្រោះក៏បានឃើញជនសង្ស័យកំពុងធ្វើការ រើសឈើដាក់ទ្បាន ក្នុងពេលនោះជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យយកទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍ នៅទីនោះតែម្ដង ក្រោយមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏បានប្រគល់ជនសង្ស័យឱ្យមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចាត់ការបន្ត។

ក្រោយពីធ្វើការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះ ទៅលក់ពិតប្រាកដមែន។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្ដាល

Share.