ក្លិបបាល់ទាត់ព្រះខ័រាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក José Muñoz សញ្ជាតិអេស្ប៉ាញ បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មីជនជាតិប្រេស៊ីល Matheus Moresche ដើម្បីត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ។

មុនមកកាន់កម្ពុជា Matheus Celestino Moresche Rodrigues (Moresche) កីឡាករប្រេស៊ីលវ័យ ២៦ឆ្នាំរូបនេះលេងនៅលីគចិនលំដាប់ទី២ (China League One) ជាមួយ Nanjing City Football Club របស់​ប្រទេសចិន។

Moresche ផ្ដើមអាជីពបាល់ទាត់ដំបូងចេញពីយុវជនក្លឹបប្រេស៊ីល Botafogo Corinthians និង Vasco da Gama។ ក្រៅពីនេះរដូវកាលថ្មីៗកីឡាកររូបនេះធ្លាប់លេងក្លឹបនៅលីគកំពូលសិង្ហបុរី Geylang International Football Club ឆ្នាំ២០២១ មុនផ្ទេរមកលេងឱ្យក្លឹបលីគកំពូលអូស្ត្រាលី Central Coast Mariners។

យោង​តាម​ក្លិបបាល់ទាត់​ព្រះខ័នរាជស្វាយរៀង បាន​បញ្ជាក់ថា Pablo កំពុងស្ថិតក្រោមការស្តារនីតិសម្បទាសម្រាប់របួសរបស់គាត់ ដោយត្រូវការរយៈពេលយ៉ាងតិច ៦សប្តាហ៍។ កីឡាករ Matheus នឹងជំនួស Pablo សម្រាប់ការប្រកួតដែលនៅសល់ក្នុងលីគកំពូលកម្ពុជា។ ប៉ុន្តែ Pablo នៅតែ ចូល​រួម​ក្នុងប្រកួតក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ពានរង្វាន់ AFC Challenge League៕

Share.