ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ ចុះពិនិត្យ និងណែនាំ ដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្តចំនួន៥ក្នុងមូលដ្ឋាន ដើម្បីរក្សានូវសន្តិសុខ សុវត្តិភាព កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។




តាមអាជ្ញាធរបានឱ្យដឹងថា ក្នុងខណ្ឌពោធិ៍សែនជ័យ បានក្លឹបកម្សាន្តចំនួន៥ កំពុងបើកអាជីវកម្ម ៖ ក្លឹបឌីស្កូតែក ស្ពាយឌឺ , ក្លឹបឌីស្កូតែក ឌី.អូ.ធី.២, ក្លឹបឌីស្កូតែក ជី២១, ក្លឹបឌីស្កូតែក មីតណាយ ដែលស្ថិតនៅសង្កាត់ចោមចៅទី១ និងក្លឹបឌីស្កូតែក អ៊ិច ហ្សូម ស្ថិតនៅសង្កាត់ចោមចៅទី២ ។




អាជ្ញាធរបន្តទៀតថា ដើម្បីចូលរួមរក្សានូវសន្តិសុខ សុវត្តិភាព អាជ្ញាធរធ្វើការពិនិត្យ អប់រំណែនាំដល់ម្ចាស់ទីតាំង ៖ ១ ហាមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ។ ២ ហាមជួញដូរផ្លូវភេទ ។ ៣ ហាមមិនឲ្យក្មេងក្រោមអាយុ ១៨ឆ្នាំ ចូលក្លឹបកម្សាន្ដ (អនីតិជន)។ ៤ ត្រូវរៀបចំបំពាកអំពូលសូឡានៅតាមច្រកផ្លូវសុវត្ថិភាព ។ ៥ ត្រូវរៀបចំស្លាកសញ្ញាសុវត្ថិភាពច្រកចេញ-ចូលឲ្យបានត្រឹមត្រូវ ។
៦ ត្រូវកែតម្រូវច្រកទ្វារសុវត្ថិភាពឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ និងមានលំហូរចេញចូលបានរលូន ។ ៧ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ ។


អត្ថបទ÷តាតុងសែនជ័យ
