ត្បូងឃ្មុំ÷ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ បានដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ដារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ៣,០០០ ម៉ែត្រ ទទឹង ម៉ែត្រ ស្ថិតនៅភូមិចក ឃុំចក ទៅភូមិច្រវ៉ា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គម្រោងលេខ DRR-NC-2024-No.063) អនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ប្រើប្រាស់ថវិកាជំពូក ២១ ។




កិច្ចត្រួតពិនិត្យនេះ ប្រព្រឹត្តិទៅលើកំណាត់ផ្លូវ ស្ថិតនៅភូមិចក ឃុំចក ទៅភូមិច្រវ៉ា ឃុំគងជ័យ ស្រុកអូររាំងឪ ដោយមានការចូលរួមពីសំណាក់ ប្រតិភូអន្តរក្រសួង រួមមាន ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងលោក ជៀស តេង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងតំណាងបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ជាអ្នកអនុវត្តគម្រោង អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ជាច្រើនរូប ។




ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានដឹកនាំប្រតិភូអន្តរក្រសួង និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ដារឡើងវិញ ចំពោះផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ នេះ តាមបណ្តោយផ្លូវ មានប្រវែង ៣,០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ខាងៗ ១ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ សាងសង់លូប្រអប់មុខពីរ ចំនួន ១ កន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិចក ឃុំចក ទៅភូមិច្រវ៉ា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គម្រោងលេខ DRR-NC-2024-No.063) ដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ប្រើប្រាស់ថវិកាជំពូក ២១ តាមរយៈក្រសួងអភិវឌ្ឍន៍ ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំជាសេនាធិការ ។




គម្រោងការងារស្ដារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ នេះ ចាប់ផ្តើម នៅខែសីហា ឆ្នាំ២០២៤ និងរួចរាល់បញ្ចប់នៅ ខែមករា ឆ្នាំ២០២៥ ។ បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង គណៈប្រតិភូអន្តរក្រសួង បានសម្តែងការកោតសរសើរ ដល់ក្រុមការងារកងកម្លាំង នៃបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដែលជាសេនាធិការរបស់ក្រសួង ដោយបានខិតខំបំពេញកិច្ចការងារយ៉ាងល្អ លើកការងារស្ដារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងភូមិសាស្រ្តស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។




ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានប្រសាសន៍ពាំនាំសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានបញ្ជាក់ផងដែរថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តបង្កើនការអភិវឌ្ឍន៍ផ្លូវតាមជនបទ ក្នុងនោះខេត្តត្បូងឃ្មុំ គឺនឹងមានជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងផែនការដែលបានដាក់ចេញដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ហើយក្រសួង មានទិសដៅ ជាអាទិភាព គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគម តាមរយៈការងារស្ថាបនា និងការលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឲ្យបានល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព និងភាពជាប់ធន់យូរអង្វែង ។




ទន្ទឹមនេះ ឯកឧត្តម ក៏បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមជុំវិញផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរ ការពារផ្លូវថ្នល់យើង កុំឲ្យខូចខាតមុនអាយុកាលកំណត់ ដើម្បីជាប្រយោជន៍រួម ជាពិសេសក្នុងពេលធ្វើដំណើរចរាចរណ៍ ត្រូវមានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុណាមួយ។ជាមួយគ្នានេះ ឯកឧត្តម ព្រមទាំងប្រតិភូ ក៏បានធ្វើការចែកជូននៅក្រមា ទុកជាអនុស្សាវរីយ៍កំដរដៃ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមតាមដងផ្លូវ ផងដែរ ៕
អត្ថបទ÷ អាចារ្យលាក់
