កំពង់ធំ÷ ផ្ទះចំនួន ១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោកអ្នក ឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ត្រូវបានប្រគល់ជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ អនុប្រធាន និងជាអគ្គលេខាធិការសមាគមបតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានគូសបញ្ជាក់ថា កន្លងមកនៅឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមបតីតយុទ្ធជន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លោកបានប្រគល់ផ្ទះនិងដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៤១គ្រួសាររួចមកហើយ។ ហើយនៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នងទៀត សម្រាប់តីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងនោះ ៦៥ខ្នងផ្ទះ បានសាងសង់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៦៥គ្រួសារ នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថ្លែងនូវការអរគុណដល់សន្តិភាព​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​អភិវឌ្ឍ​ន៍​លេីគ្រប់វិស័យ​ និង​បាន​គោរព​ថ្លែង​អំណរគុណ​ដ៍៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ ដែល​បាន​អនុវត្ត​ន៍នូវនយោបាយឈ្នះ​ ឈ្នះ​ បាន​បញ្ចប់​សង្គ្រាម​ នាំ​មក​ជូន​ប្រជាជន​កម្ពុជា​នូវ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​  និង​បាន​ថ្លែង​អំណរគុណ​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ដែល​បាន​លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​ ដេីម្បីបុព្វហេតុ​ជាតិ​ និង​មាតុ​ភូមិ​  ហើយនៅក្នុងឱកាសនេះលោកអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៦៥​ គ្រួសារ​ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ៥០គីឡូក្រាម មីជាតិ ១កេស  ទឹកត្រីទឹកស៊ីអ៉ីវ ១កេស ទឹកភេសជ្ជៈអាយស៍ ២កេស  ទឹកសុទ្ធ ១កេស ត្រីខ ២យួរ និងថវិកា ១០ម៉ឺនរៀល ។ ចំពោះ​បង​ប្អូន​អតីតយុទ្ធជនចំនួន ១៤១គ្រួសារផ្សេងទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល​ ដោយ​ឡែក​នៅ​ក្នុង​ឱកាស​នេះ​លោកអ្នក​ឧកញ៉ា​លាង​ ឃុន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៨០​ លាន​រៀល​ ចូលរួម​ចំណែក​ក្នុង​ការ​សាងសង់​ទីស្នាក់ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លៃនូវការគោរពអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោក អ្នកឧកញ៉ា លាង ឃុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនៅរាល់ការលំបាកជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ព្រោះបងប្អូនអតីតយុទ្ធជនយើងគឺជាអ្នកដែលធ្លាប់មានគុណអំណាចចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញ ដូចសព្វថ្ងៃនេះ។

អត្ថបទ÷ កំពង់ធំ

Share.