ក្រុមមន្ត្រីបាននិយាយថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានក្រឡាប់នៅពេលចុះចតនៅអាកាសយានដ្ឋាន តូរ៉ុនតូ ភៀសុន (Toronto Pearson) កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) ចំពេលអាកាសធាតុមានខ្យល់បក់បោកបន្ទាប់ពីមានព្យុះព្រិល ដែលបណ្តាលឱ្យមនុស្ស ១៨នាក់ក្នុងចំណោមមនុស្សសរុប ៨០នាក់នៅលើយន្តហោះរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

អាជ្ញាធរបាននិយាយថា មនុស្ស ៣នាក់នៅលើជើងហោះហើរ ដែលមកពីអាកាសយានដ្ឋានអន្តរជាតិ មីនីអាប៉ូលីស-សេន ផល (Minneapolis-St. Paul) របស់សហរដ្ឋអាមេរិកនោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានកុមារម្នាក់។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta បាននិយាយថា យន្តហោះប្រភេទ CRJ900 ដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ អែនដេវើ អ៊ែរ (Endeavor Air) របស់ខ្លួនបានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុយន្តហោះដោយខ្លួនឯង ជាមួយអ្នកដំណើរ ៧៦នាក់ និងនាវិក ៤នាក់នៅលើយន្តហោះ។

យន្ដហោះប្រភេទ CRJ900 នេះផលិតដោយក្រុមហ៊ុន បូមបាឌីអើ (Bombardier) របស់ប្រទេសកាណាដា អាចផ្ទុកមនុស្សបានរហូតដល់ ៩០នាក់។
ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរកាណាដា បាននិយាយថា ពួកគេនឹងស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ដែលពេលនេះពួកគេមិនទាន់ដឹងនៅឡើយទេថាមកពីមូលហេតុអ្វីឱ្យពិតប្រាកដ។



អាកាសយានដ្ឋានតូរ៉ុនតូ ភៀសុន (Toronto Pearson) បានឱ្យដឹងនៅមុននេះបន្តិចថា ខ្លួនកំពុងដោះស្រាយជាមួយនឹងបញ្ហាអាកាសធាតុ ដែលបណ្ដាលឱ្យមានខ្យល់បក់ខ្លាំង និងសីតុណ្ហភាពចុះត្រជាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍នានាព្យាយាមពន្លឿនជើងហោះហើរដែលខកខាន បន្ទាប់ពីព្យុះព្រិលកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យព្រិលជាង ២២សង់ទីម៉ែត្រ គ្របដណ្ដប់នៅអាកាសយានដ្ឋាន។



សូមជម្រាបថា យោងតាមគេហទំព័រតាមដានការហោះហើរ FlightRadar24 បានឱ្យដឹងថា យន្តហោះ Delta បានចុះចតនៅទីក្រុង Toronto នៅម៉ោង ២:១៣នាទីរសៀល (ម៉ោងក្នុងស្រុក) បន្ទាប់ពីហោះហើរបាន ៨៦នាទី៕

