លោកបណ្ឌិតសុខ ទូចត្រូវបាននគរបាលចុះអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹង ស្រែកគំហកនិងប្រើពាក្យមិនសមរម្យដាក់។ នេះបើតាមសារដែលលោកបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកកាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

ខ្លឹមសាររបស់លោកបណ្ឌិតសុខទូច រៀបរាប់ថា ក្រោយពីចុះស្រាវជ្រាវអស់រយៈពេល៣ថ្ងៃ ដោយបានដើរឡើងភ្នំផង និងបើកឡានផងហើយត្រឡប់មកដល់ភ្នំពេញវិញគឺពេលយប់ទៅហើយ។ ពេលមកដល់ភ្នំពេញវិញលោកបានចូលទៅទទួលទានអាហារ និងបានទទួលទានស្រាបៀរ (Beer) មួយកំប៉ុងផងដែរ។ ទទួលទានអាហាររួច លោកក៏បើករថយន្តជូនមន្ត្រីដែលទៅជាមួយលោកទៅយកម៉ូតូនៅកន្លែងធ្វើការនិងបន្តដំណើរទៅផ្ទះរបស់លោកនៅម្ដុំភ្នំប្រសិទ្ធិ (បាសិត)។ នៅតាមផ្លូវមកផ្ទះវិញ លោកបានជួបគោលដៅអនុវត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍ត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែលោកមិនបានបញ្ជាក់ថា គោលដៅណានោះទេ។

លោកបណ្ឌិត សុខ ទូច សេរសេរថា៖

[…] ពួកគាត់ឃាត់ឡាន និងឱ្យខ្ញុំផ្លុំវាស់កម្រិតជាតិអាល់កុលខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មីព្រោះខ្ញុំខ្លាចដដែលរបស់អ្នកចាស់ (នាំឱ្យ) ឆ្លងរោគ។ ផ្ទុយទៅវិញគេគំហកថាហែងស្អីបាន(ជា)មកបញ្ជាកងកម្លាំង។ខ្ញុំកំពុងតែហត់នឿយផងឮបែបនេះខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមកខ្ញុំសហការផ្លុំចំនួន៣ដងតែមិនឃើញកម្រិតជាតិអាល់កុលដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវឱ្យខ្ញុំផ្លុំម្ដងទៀត តែក្រោយនេះ ខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថា បើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅកាយវិការច្រលោតព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំសុខទូចទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថាស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម (ដោយសារ) ថ្ងៃនេះខ្ញុំដើរផងខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខ ញីភ្នែកជាច្រើនដងហត់នឿយជាប់មិនមានបានសំរាក។ មានប៉ូលិសដៀលខ្ញុំ (ថា) ធ្វើដល់បណ្ឌិតចរិតអ៊ីចឹងខ្ញុំជាពលរដ្ឋម្នាក់ បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កម្រិតដែលបង្កបញ្ហាផងតើឱ្យខ្ញុំផ្លុំរបៀបម៉េចទៀត?

សំណេររបស់លោកបន្តថា៖

គេថតខ្ញុំបានតែពេលខ្ញុំឱ្យគ្រួសារខ្ញុំថតវិញ គេមិនឱ្យថតទេ។ ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះគ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថាផ្ទះខ្ញុំឆ្ងាយគេមិនដឹកទេក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំមកដល់ផ្ទះគេសុំថតជាមួយខ្ញុំ។ ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ទើបរៀបរាប់ជាសាធារណ:បែបនេះ។

សូមបញ្ជាក់ថា ការលើកឡើងខាងលើនេះគឺផ្អែកទៅលើសំណេររបស់លោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ទោះជាយ៉ាងណា ការលើកឡើងរបស់លោកបណ្ឌិតពុំបានបញ្ជាក់ ពីគោលដៅដែលលោកមានបញ្ហា និងបង្ហាញជារូបភាពឬវីដេអូណាមួយឡើយ។ ជុំវិញបញ្ហានេះគេក៏ពុំទាន់ឃើញមានការឆ្លើយតបណាមួយពីសមត្ថកិច្ចពាក់ព័ន្ធផងដែរ៕

Share.