ក្រោយពីលោកបណ្ឌិត សុខ ទូច បង្ហោះខ្លឹមសារថា លោកត្រូវបាននគរបាលចុះអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹង ស្រែកគំហក និងប្រើពាក្យមិនសមរម្យដាក់ ស្នងការនគរបាលរាជធានីភ្នំពេញបានចេញបំភ្លឺជុំវិញករណីនេះ ដោយភ្ជាប់ទាំងវីដេអូហេតុការណ៍នោះមកផងដែរ នៅវេលាម៉ោង ១១ កន្លះថ្ងៃត្រង់ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។
បើតាមស្នងការនគរបាលរាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ពេលដែលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ខណៈនោះមានរថយន្តមួយគ្រឿង ម៉ាក FORT ពណ៌ទឹកប្រាក់ ស្លាកលេខ រដ្ឋ 052-0431 ដែលជារថយន្តបើកបរដោយលោក សុខ ទូច បានឆ្លងកាត់គោលដៅខាងលើ ខណៈនោះសមត្ថកិច្ចបានឃាត់រថយន្តឱ្យអ្នកបើកបរចូលមកសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង។
ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា អ្នកបើកបរ (លោក សុខ ទូច) បានចុះមកសហការជាមួយសមត្ថកិច្ច ដោយសមត្ថកិច្ចនៅគោលដៅនោះមិនបានស្គាល់លោកបណ្ឌិត សុខ ទូច នោះទេ។នៅពេលនោះគាត់មានកាយវិការ និងពាក្យសម្ដីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។ បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ឆក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថា បំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយរួច ត្រូវប្ដូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំដដែលនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់ (អា) ទៅវិញ និងចោទថាប្រើប្រាស់កាយវិការមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល។
ត្រង់ចំណុចនេះ លោកបណ្ឌិត សុខ ទូច លើកឡើងថា សមត្ថកិច្ចបានឃាត់រថយន្ត និងឱ្យលោកចុះផ្លុំវាស់កម្រិតជាតិអាល់កុល លោកបានសហការជាមួយសមត្ថកិច្ច ប៉ុន្តែលោកស្នើសុំហែកទុយយោថ្មីព្រោះ ខ្លាចសមត្ថកិច្ចប្រើទុយយោដដែលរបស់អ្នកចាស់ នាំឱ្យឆ្លងរោគ។ ផ្ទុយទៅវិញគេគំហកដាក់លោកវិញថា «ហែងស្អីបាន(ជា)មកបញ្ជាកងកម្លាំង»។ លោក សុខ ទូច ក៏បន្ថែមថា មានប៉ូលិសដៀលលោកថា «ធ្វើដល់បណ្ឌិតចរិតអ៊ីចឹង»។
នៅក្នុងវីដេអូដែលបង្ហោះចែកចាយដោយស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញត្រង់កន្លែងដែល លោកបណ្ឌិត សុខ ទូច មានកាយវិការច្រងេងច្រងាង ស្រែកដាក់សមត្ថកិច្ច។ ចំណែកឯ លោកបណ្ឌិត សុខ ទូច លើកឡើងថា សមត្ថកិច្ចបានហាមមិនឲ្យខាងលោកថតនោះទេ។
បច្ចុប្បន្នរថយន្តដែលលោកបណ្ឌិត សុខ ទូច បើកបរ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ៕

