បាត់ដំបង: សួនច្បារបែបស៊ីវិល័យចំនួន ៣កន្លែងទៀតនឹងមានវត្តមាននៅលើទឹកដីខេត្តបាត់ដំបង ក្នុងគោលបំណងប្រែក្លាយតំបន់ជាទីក្រុងឆ្លាតវៃ លើកកម្ពស់សោភ័ណភាពសាធារណ: ទាក់ទាញភ្ញៀវទេសចរ។



រយ:ពេលជិតមួយសប្តាហ៍ចុងក្រោយនេះរដ្ឋបាលខេត្តបាត់ដំបង បានបញ្ចេញគម្រោងរៀបចំកែលម្អ និងបង្កើតសួនច្បារសាធារណ:ច្រើនទីតាំង ទាំងនៅក្នុងទីប្រជុំជនក្រុង ក៏ដូចជានៅតាមតំបន់ទេសចរណ៍ក្នុងបណ្តាស្រុកមួយចំនួនផងដែរ។




ចំពោះមុខនេះគម្រោងកែលម្អសួនច្បារ និងទីកន្លែងសម្រាប់ភ្ញៀវទេសចរអង្គុយលេងគយគន់ហ្វូងសត្វប្រចៀវហើរចេញពីល្អាងភ្នំសំពៅ ឋិតនៅក្នុងភូមិសាស្ត្រស្រុកបាណន់ បាននឹងកំពុងដំណើការសាងសង់ជាបណ្តើរៗតែបន្តិចទៀតប្រជាពលរដ្ឋដែលទៅលេងកម្សាន្តរមណីយដ្ឋានភ្នំសំពៅនោះនឹងទទួលបានភាពស្រស់ស្រាយ និងភាពស្រស់ស្អាតចេញពីការរចនាឡើងជាសួនច្បារមួយដែលស៊ីវិល័យរស់រវើក លើសពីនេះកាលពីអំឡុងថ្មីៗកន្លងមកនេះដោយផ្តោតលើការលើកកម្ពស់វិស័យទេសចរណ៍ជាវិស័យអទិភាព រដ្ឋបាលខេត្តបាត់ដំបង បានបញ្ចេញនូវគម្រោងធំៗចំនួន ២បន្ថែមផ្សេងទៀតដែរ ក្នុងនោះមានគម្រោងសាង់សង់សួនតេជោសន្តិភាព ឋិតនៅក្នុងសង្កាត់រតន: ត្រើយខាងកើតស្ទឹងសង្កែ កណ្តាលបេះដូងទីក្រុងបាត់ដំបង ចាប់ពីគល់ស្ពានសម្តេចក្រឡាហោម ដល់ស្ពានសោហឺ ( ស្ពានថ្មថ្មី )មានប្រវែង ៩៩៤ម៉ែត្រ ហើយនិងគម្រោងចុងក្រោយថ្មីមួយទៀតមានសួនច្បារដែលមានទីតាំងឋិតនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងលិច ក្បែរវេទិការអុំទូកខេត្តមួយបន្ថែមទៀត។




ប្រភពផ្លូវការពីរដ្ឋបាលខេត្តបានបញ្ជាក់បន្តថា÷ ការរៀបចំសួនច្បារឡើងវិញនេះមានគោលបំណងលើកកម្ពស់សោភ័ណភាពសាធារណ:ឲ្យមានភាពស្រស់បំព្រង អមដោយផ្លូវដើរ ផ្លូវជិះកង់ មានកន្លែងអង្គុយលំហែរអារម្មណ៍ស្រូបយកខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទីក្រុងឆ្លាតវៃស៊ីវិល័យ បរិស្ថានរស់នៅល្អ ជាពិសេសសួនតេជោសន្តិភាព ជាបំំណងដ៏ពិសិដ្ឋបានសំដៅលើការរំលេចពីគុណតម្លៃនូវនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសេចក្តីសុខសន្តិភាព ស្ថេរភាព ឯកភាពជាតិពេញលេញ និងនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។



សួនតេជោសន្តិភាព នឹងក្លាយជាដំណង់ស្ថាបត្យកម្មថ្មីមួយដែលជាមេឃធាង ក្នុងចង្កោមយុទ្ធសាស្ត្រឈ្នះឈ្នះដែលបង្រូមសមល្មមទៅនឹងទំហំដើមនៃវិមានឈ្នះឈ្នះប្រកបដោយអត្ថន័យស៊ីជម្រៅ៕
អត្ថបទ: ដំបងក្រញូង
