សិល្បៈជីវិត ៖ ត្បិតថាប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនកន្លែងដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្ត ប៉ុន្តែនៅក្នុងនោះក៏មានតំបន់ទេសចរណ៍មួយចំនួនដែលភ្ញៀវទេចរអន្តរជាតិចូលចិត្តមកកម្សាន្តមិនដាច់ និងស្វែករកនៅលើប្រព័ន្ធអ៊ិនធឺណេត។ ថ្ងៃនេះសារព័ត៌មានត្រយងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់ពីតំបន់ទេសចរណ៍សំខាន់ៗទាំងនោះដូចតទៅ ៖
១. តំបន់រមណីដ្ឋានអង្គរ

តំបន់រមណីយដ្ឋានអង្គរនៅតែជាគោលដៅទេសចរណ៍ចម្បងមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះថាចំនួនភ្ញៀវចូលមកទស្សនា តំបន់រមណីដ្ឋានអង្គរ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានចំនួនកើនឡើង។ តំបន់រមណីយដ្ឋានអង្គរ សម្បូរទៅដោយប្រាសាទជាច្រើនកន្លែង ដែលអាចឱ្យភ្ញៀវទេសចរណ៍បានសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រខ្មែរ ជាពិសេសប្រាសាទអង្គរវត្តដែលជាបូជនណីដ្ឋានដ៏ធំជាងគេនៅលើពិភពលោក។
ប្រាសាទអង្គរវត្តបានកសាង នៅដើមសតវត្សរ៍ទី១២ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជា ជារូបភាពតំណាង ប្រទេសជាតិខ្មែរ ហើយប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពធំសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតារាប់ពាន់ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ។
២. រមណីយដ្ឋានភ្នំគូលែន

រមណីយដ្ឋានភ្នំគូលែន ត្រូវបានប្រសិទ្ធនាមថា ជាមណីយដ្ឋានស័ក្តិសិទ្ធ ដែលពិតជាស័ក្តសមសម្រាប់ភ្ញៀវទេសចរមកសិក្សាឈ្វេងយល់ពីអរយធម៌ខ្មែរ ។ ក្រៅពីទស្សនាភ្នំគូលែន ភ្ញៀវទេសចរអាចបន្តដំណើរទៅកាន់ ប្រាសាទបេងមាលា ប្រាសាទកោះកេរ និងតំបន់ទេសចរណ៍សហគមន៍មួយចំនួននៅជុំវិញ មុននឹងចេញដំណើរទៅព្រលានយន្តហោះ ដែលមានចំងាយត្រឹម២២គីឡូម៉ែត្រតែប៉ុណ្ណោះ។
៣. រមណីដ្ឋានប្រាសាទសំបូរព្រៃគុក

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុងចន្លោះចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ។ រាជធានីបុរាណខ្មែរមួយនេះ ត្រូវបានកត់ត្រាក្នុងសៀវភៅកំណត់ត្រារបស់បេសកជនចិនជាលើកដំបូងក្នុងសន្តតិវង្សថាងនាពាក់កណ្តាលទីមួយនៃសតវត្សទី៧។ ប្រាសាទសំបូរព្រៃគុក បានក្លាយជាគោលដៅទេសចរណ៍របស់ខេត្តកំពង់ធំ បន្ទាប់ពីបានចុះជាជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅបញ្ជីអង្គការយូណេស្កូ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុង Cracovie ប្រទេសប៉ូឡូញ។
៤. តំបន់ទេសចរណ៍ធម្មជាតិកំពូលភ្នំព្រះវិហារ

ក្រៅពីធ្វើដំណើរឡើងទៅកម្សាន្តនៅប្រាសាទព្រះវិហារដែលមានទីតាំងនៅលើកំពូលភ្នំហើយនោះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ក៏និយមទៅសម្រាកលម្ហែកាយនៅតំបន់ទឹកធ្លាក់ដូចជា ទឹកធ្លាក់តាំងយូរ ទឹកធ្លាក់បេងកោង ទឹកធ្លាក់ចាក់អង្រែក្រោម ឬ ទឹកធ្លាក់អន្លង់ស្វាយ ទឹកធ្លាក់តាម៉ា និងទឹកធ្លាក់កណ្តុរស។ ក្រៅពីនោះ ភ្ញៀវទេសចរក៏បន្តទៅកម្សាន្តនៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោហ៊ុនសែនព្រះវិហារ ដែលមានតាំងបង្ហាញវត្ថុសិល្បៈប្រមូលមកពីប្រាសាទ ព្រះវិហារនិងប្រាសាទនានានៅក្នុងតំបន់ជូនភ្ញៀវទេសចរ។
៥.ខេត្តកំពត

រមណីដ្ឋានភ្នំបូកគោស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពត និងតែជាកន្លែងទេសចរណ៍ដែលគ្មានការជិនណាយ។ នោះក៏ដោយសារនៅតំបន់ទេសចរណ៍មួយនេះមានអាកាសធាតុត្រជាក់ មានឱ្យរុក្ខជាតិចម្រុះទាំងឡាយដុះរីកស្រស់គ្រប់រដូវកាល ព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំនឹងផ្ទាំងថ្មធំៗជាច្រើន នៅរាយប៉ាយក្រោមដើមរុក្ខជាតិធ្វើឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែ។
នៅខេត្តកំពតឯណេះវិញ ក៏មានកន្លែងទេចរណ៍ច្នៃប្រឌិតថ្មីៗជាច្រើនកន្លែងនិងធម្មជាតិដូចជា រូបសេះសមុទ្របាញ់ទឹក និឡាកាធំ រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ រមណីយដ្ឋានដូងទេរ រមណីយដ្ឋានទឹកធ្លាក់អន្លង់ធំ រមណីយដ្ឋាន ល្អាងឈ្ងោក ឧទ្យានដងព្រែក តំបន់កសិទេសចរណ៍ចំការម្រេចស្រែអំបិល និងតំបន់ទំនប់ម្លេចជាដើម។
៦. រមណីយដ្ឋានកែប

កែប នៅតែជាតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលម្ហែកម្សាន្តជាហូរហែ ដោយសារតែទីនេះមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត រួមជាមួយទេសភាពធម្មជាតិដ៏ទាក់ទាញបំផុត។ ក្រុមអ្នកទេសចរភាគច្រើនចូលចិត្តជិះទូក និងលម្ហែតាមឆ្នេរ គយគន់ផ្កាថ្ម ដ៏ស្រស់ត្រកាល និងស្រូបយកខ្យល់អាកាសល្អបរិសុទ្ធដែលអាចជួយឱ្យមានសុខភាពល្អទៀតផង។
៧. តំបន់ទេសចរណ៍ធម្មជាតិភ្នំក្រវាញ

ជួរភ្នំក្រវាញ គឺលាតសន្ធឹងពីខេត្តប៉ៃលិនរហូតដល់ខេត្តកំពត ស្របតាមបណ្តោយឆ្នេរសមុទ្រ ដែលជួរភ្នំដ៏វែងមានព្រៃក្រាស់នេះ សម្បូរដោយសត្វតូច ធំ ច្រាំងចោតៗ និងកំពូលភ្នំខ្ពស់ៗ កម្ពស់ជាមធ្យម ១ពាន់ម៉ែត្រដែលវាជាជញ្ជាំងខ័ណ្ឌទំនាបកណ្តាលនិងតំបន់មាត់សមុទ្រ។ ជួរភ្នំក្រវាញ សម្បូរទៅដោយព្រៃស្តុក ទឹកធ្លាក់ស្អាតៗ ដែលអាចធ្វើឱ្យតំបន់នេះ ដែលទីតាំងទេសចរណ៍ដ៏មានសក្តានុពលសម្រាប់អ្នកទេសចរចូលចិត្តផ្សងព្រេង ហើយតំបន់នេះក៏មានសត្វព្រៃជាច្រើនប្រភេទដូចជា ដំរី ខ្លា ក្រពើភ្នំ ទោច ពស់ សត្វស្លាប និងសត្វល្អិតជាដើម។
៨. ក្រុងបាត់ដំបង

បាត់ដំបង ជាទឹកដីគោលដៅទេសចរណ៍ដែលមានតំបន់សម្រាប់កម្សាន្តសរុបចំនួន ៤៣កន្លែង ក្នុងដូចជា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ៥កន្លែង រមណីយដ្ឋានធម្មជាតិ ១៤កន្លែង រមណីយដ្ឋានធម្មជាតិកែច្នៃប្រវត្តិសាស្ត្រ ១កន្លែង រមណីយដ្ឋានកសិទេសចរណ៍ ២កន្លែង រមណីយដ្ឋានអេកូទេសចរណ៍ ១កន្លែង រមណីយដ្ឋានវប្បធម៌ ២កន្លែង និងតំបន់ទេសចរណ៍ចំនួន១៧កន្លែងផ្សេងទៀតដែលច្នៃប្រឌិតថ្មី ។ ភ្ញៀវទេសចរអន្តរជាតិភាគច្រើននិយមទៅទស្សនាក្រុងបាត់ដំបងគឺជាជនជាតិអឺរ៉ុប ពិសេសអ្នកទេសចរបារាំង ដែលមានបំណងចង់សិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងវប្បធ៌មដ៏សម្បូរបែបរបស់ទីក្រុងនេះ ។ ក្រុងបាត់ដំបង់ ត្រូវសិក្សាគ្រោងនាំយកទីក្រុងនេះចុះក្នុងបញ្ជីអង្គការយូណេស្កូ ជាទីក្រុងបេតិកភណ្ឌពិភពលោកដើម្បីបញ្ជ្រាបនូវការយល់ដឹងអំពីការការពារ អភិរក្សបេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ។
៩.រាជធានីភ្នំពេញ

ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ បានដាក់ចំណាត់ថ្នាក់រាជធានីភ្នំពេញជាទិសដៅទេសចរណ៍ពេញនិយមបំផុតនៅចំណោម ១០ ប្រទេស និងចំណោមផ្សេងទៀតទាំង ២៥ នៅក្នុងពិភពលោក សម្រាប់ឆ្នាំ ២០២៥នេះ ដែលចំណាត់ល្អថា្នក់នេះ ក្រសួងទេសចរណ៍រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា បានច្រើនបន្ថែមទៀត។
១០. ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅកម្ពុជា ដែលល្បីល្បាញដោយសារឆ្នេរសមុទ្រស្រស់ស្អាត កោះធម្មជាតិ និងបរិយាកាសសប្បាយ។ ហេតុអ្វីបានជាភ្ញៀវទេសចរចូលចិត្តទៅកម្សាន្តនៅក្រុងព្រះសីហនុ? នោះក៏ព្រោះតែឆ្នេរខ្សាច់សក្បុសល្បី និងមានទឹកសមុទ្រខៀវស្រងាត់ដូចជា ឆ្នេរឱដ្ឋិរី, ឆ្នេរសុខា, ឆ្នេរឯករាជ្យ និងឆ្នេរសេរីភាពជាដើម។ ក្រៅពីនោះ ភ្ញៀវទេសចរក៏និយមធ្វើដំណើរកម្សាន្តទៅកាន់តំបន់កោះធម្មជាតិ ដូចជា កោះរ៉ុង, កោះរ៉ុងសន្លឹម, និងកោះទំពួន ដែលល្បីល្បាញថាសមុទ្រខៀវស្រងាត់ថ្លាឆ្លុះដល់បាត។ លើសពីនេះ ភ្ញៀវទេសចរក៏និយមធ្វើសកម្មភាពកម្សាន្តសប្បាយៗ ដូចជា លម្ហែកាយក្រោមពន្លឺព្រះអាទិត្យរះ ចុះលេងទឹក ការជ្រមុជទឹក និងស្រស់ស្រូបអាហារសមុទ្រស្រស់ៗដែលមានតម្លៃសមរម្យទទួលយកបាន៕

