តូក្យ៖ បន្ទាប់ពីមន្ត្រីក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃអង្គារ ថា ប្រទេសជប៉ុននឹងអនុញ្ញាតឱ្យប្រជាជនមកពីកោះតៃវ៉ាន់ចុះបញ្ជីកំណើត ឬ សៀវភៅស្នាក់នៅដោយប្រើឈ្មោះកោះតៃវ៉ាន់ជំនួសឱ្យប្រទេសចិន អ្នកនាំពាក្យការបរទេសចិន បានឆ្លើយតបវិញ ដោយស្នើឱ្យប្រទេសជប៉ុនគោពតាមគោលការណ៍ចិនតែមួយ និងស្មារតីនៃឯកសារនយោបាយរវាងចិន និងជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅពេលដែលពលរដ្ឋជប៉ុនរៀបការជាមួយជនបរទេស សញ្ជាតិ និងឈ្មោះរបស់ប្តីប្រពន្ធ ត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធចុះបញ្ជីរបស់រដ្ឋបាលតំបន់ក្រោមច្បាប់ជប៉ុន។

បច្ចុប្បន្ននេះ ប្រជាជនមកពីតៃវ៉ាន់ ត្រូវបានចាត់ទុកថាមកពីប្រទេសចិន ដែលស្ថិតនៅក្រោមគោលនយោបាយចាប់តាំងពីឆ្នាំ១៩៧២ នៅពេលដែលទីក្រុងតូក្យូ ងាកមកទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។ ប៉ុន្តែ​មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​បាន​ប្រាប់ AFP ថា «ចាប់ពី​ខែ​ឧសភា ​តទៅ បន្ទាប់​ពី​ការ​កែប្រែ​ច្បាប់​របស់​ក្រសួង ឈ្មោះ​តៃវ៉ាន់ អាច​ត្រូវ​បាន​សរសេរ​ក្នុង​បញ្ជីជាតិតែម្ដង»។

មន្រ្តីរូបនោះ​បាន​បន្ថែម​ថា ការ​ផ្លាស់​ប្តូរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើ​ពី​គូ​ស្វាមី​ភរិយា​តៃវ៉ាន់ ដែល​ចង់​បញ្ជាក់អត្តសញ្ញាណ​របស់​ខ្លួន។ សៀវភៅស្នាក់នៅរបស់ជប៉ុនសម្រាប់ជនបរទេស រយៈពេលមធ្យមទៅរយៈពេលវែង ក៏នឹងអនុញ្ញាតឱ្យជនជាតិតៃវ៉ាន់ ពណ៌នាថា ពួកគេមកពីតៃវ៉ាន់ផងដែរ។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេស​តៃវ៉ាន់ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ថា «រដ្ឋាភិបាលរបស់តៃវ៉ាន់បានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ»។ លោកបាននិយាយថា «ការផ្លាស់ប្តូរនេះនឹងបង្ហាញពីការគោរពចំពោះអត្តសញ្ញាណរបស់អ្នករស់នៅតៃវ៉ាន់ នៅក្នុងប្រទេសជប៉ុន ហើយក៏នឹងផ្តល់នូវភាពច្បាស់លាស់កាន់តែច្រើននៅក្នុងការកំណត់អត្តសញ្ញាណរបស់ពួកគេ»។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន ដែរថា «យើងស្នើឱ្យភាគីជប៉ុនគោពតាមគោលការណ៍ចិនតែមួយ និងស្មារតីនៃឯកសារនយោបាយរវាងចិន និងជប៉ុន»។

សូមជម្រាបថា ប្រទេសជប៉ុន បានកាត់ផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៧២ ដោយបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយទីក្រុងប៉េកាំង ថា «ខ្លួនយល់ និងគោរពថាតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់សាធារណៈរដ្ឋប្រជាមានិតចិន»។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះបានរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយតៃវ៉ាន់ ហើយក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC បានបើករោងចក្រថ្មីមួយនៅក្នុងតំបន់ Kyushu របស់ប្រទេសជប៉ុនកាលពីឆ្នាំមុន៕

ប្រភព៖ CNA

Share.